ភ្នំពេញ៖ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាមចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់របស់វៀតណាម ។
កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ ទេសខ្មែរ បាន អនុញ្ញាតឲ្យលោក វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោក បានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា ។

ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានអបអរសាទរ ប្រទេសវៀតណាមដែលទទួលបាន ជោគជ័យក្នុងការរៀបចំមហាសន្និបាត បក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ហើយនិងការបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាពិសេសជូន ចំពោះលោកឧបនាយករដ្ឋមន្រ្តី ដែលទទួលសវនាការរបស់ លោកនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរួមចំណែក ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងការរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ រវាង ថ្នាក់ ដឹកនាំជាន់ ខ្ពស់ នៃប្រទេសទាំងពីរ តាមរយៈការជួបប្រជុំផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ដែលបានជួយពូនជ្រុំ និងរួមចំណែកធ្វើឱ្យទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយ ផ្លែផ្លាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ និងល្អប្រសើរ ឡើងថែមទៀត។
ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារៈសំខាន់របស់វៀតណាម។ ប្រទេសយើងទាំងពីរកាន់តែមានការយល់ពីគ្នាឡើង និង គោរពផលប្រយោជន៍គ្នាទៅវិញទៅមក» ។

លោកទូត ក៏បានកោតសរសើរអំពីសេរីភាព ដ៏ទូលំទូលាយនៃការធ្វើទំនាក់ទំនង តាមប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ដែលអនុញ្ញាតឱ្យលោក អាចធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ៕
