ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា ប្រយុទ្ធប្រឆំាង បទល្មើសឧក្រិដ្ឋឆ្លងដែន ប្រកបដោយភាពវិជ្ជមាន និងទទួលបាន សមិទ្ធផលសំខាន់ៗ ក្នុងផែនការ អនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈចិន រយៈពេល២ឆ្នាំ កន្លងមកនេះ។ យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាន នគរបាលជាតិ ។
ក្រោយបញ្ចប់កិច្ចប្រជុំបូក សរុបលទ្ធផល អនុវត្តផែនការ ការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាង អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងសន្តិសុខ សាធារណៈចិន កាលពីថ្ងៃទី៣ មិថុនា តាមប្រព័ន្ធវិដេអូ ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ លោក វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការរដ្ឋបាល នៃក្រសួងសន្តិសុខ សាធារណៈចិន នោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា « កិច្ចសហប្រតិបតិ្តការ រវាងកម្ពុជា-ចិន លើការងារប្រយុទ្ធប្រឆំាង បទល្មើសឧក្រិដ្ឋឆ្លងដែន គឺប្រព្រឹត្តទៅប្រកប ដោយភាពវិជ្ជមាន និងទទួលបាន សមិទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍន៍ សម្រាប់ផែនការ អនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈចិន រយៈពេលពីរឆ្នាំកន្លងមកនេះ»។
ឧត្តមសេនីយ៍ឯកបន្ដថា ការទទួលភាពវិជ្ជមាននេះ បានបង្កើតយន្តការសហប្រតិបត្តិការ មួយ គឺការិយាល័យ សម្របសម្រួលកិច្ច សហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ហើយតាមរយៈការិយាល័យនេះ ប្រទេសទាំងពីរ បានរួមសហការគ្នា ក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ សកម្មភាពមុខសញ្ញា ឧក្រិដ្ឋមួយចំនួន ព្រមទាំងបានធ្វើសកម្មភាពបង្ក្រាប ចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមថា អំឡុងពេលពីរឆ្នាំនេះ ក៏បានផ្លាស់ប្តូរគណៈប្រតិភូទៅវិញ ទៅមក រួមទាំងគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូបច្ចេកទេស ដើម្បីប្រជុំពិភាក្សា សិក្សាដកស្រង់បទពិសោធន៍ អំពីសភាពការណ៍នានា ក្នុងការបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទឧក្រិដ្ឋ ដែលប្រព្រឹត្តដោយជនជាតិចិន និងរត់គេចពីប្រទេសចិន មកប្រទេសកម្ពុជា ៕