ព័ត៌មានជាតិ

លោក ចាន់ សារិន ប្តេជ្ញាធ្វើឲ្យសាលាបង្រៀន​ កុមារអូទីស្សឹម ជាសាលាថ្នាក់ ជាតិឲ្យទទួលស្គាល់ ពីអាស៊ាន និងUN ក្រោយរដ្ឋាភិបាល បញ្ចូលជា សាលារដ្ឋ

ភ្នំពេញ ៖ លោក ចាន់ សារិន ប្រធានអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់ សហគមន៍ (HHC) និងជាប្រធានដឹកនាំ បណ្ដាញជនពិការ ខ្សោយសតិបញ្ញា និងអូទីហ្សឹម (Autism) បានប្តេជ្ញា ធ្វើឲ្យសាលា បង្រៀន កុមារអូទីហ្សឹម ជាសាលាលក្ខណៈថ្នាក់ជាតិ ដើម្បីឲ្យមានការទទួលស្គាល់ ពីបណ្តាប្រទេសជា សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ (UN) ។

ការប្តេជ្ញាចិត្ត របស់លោកនេះ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបញ្ចូលអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់ សហគមន៍ (HHC) ទៅជាសាលារដ្ឋចាប់ពីឆ្នាំសិក្សា ២០២០-២០២១ និងផ្តល់ការ ឧបត្ថម្ភថវិកា ដំណើរការសាលារៀន ។ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់ សហគមន៍ត្រូវបានក្រសួងអប់រំ ដាក់ឈ្មោះថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាមួយការប្តេជ្ញាចិត្តនេះ លោកបង្ហាញអារម្មណ៍អរ ជាពន់ពេកក្រោយ បញ្ចូល ឲ្យក្លាយជាសាលាររដ្ឋ ។ លោកថា នេះហាក់បីដូចជាការយល់សប្តិ ព្រោះតាមការរំពឹងទុក របស់ខ្លួនគិតថា រាជរដ្ឋាភិបាលនឹងដាក់បញ្ចូលឲ្យក្លាយ ជាសាលារដ្ឋនៅឆ្នាំ២០២៥ឬ២០២៧ឯណោះ ។

ចំពោះកុមារអូទីហ្សឹម នេះលោកថា “កំពុងមានការកើនឡើង បើយើងមិនគិតគូរទេ នឹងមានបញ្ហាទៅថ្ងៃក្រោយ” ។

លោក ចាន់ សារិន ប្រធាន HHC បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា “កំពុងរៀបចំផែនការអភិវឌ្ឍសាលារៀន ហើយយើងនឹងចង់ឲ្យក្លាយជាសាលាថ្នាក់ជាតិ ដ៏សំខាន់បំផុតដើម្បីបង្ហាញទៅ អង្គការសហប្រជាជាតិនិងអាស៊ានថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ទៅលើជនពិការ ជាពិសេសកុមារអូទីហ្សឹម និងបង្កើតឲ្យមានសាលារៀនបន្ថែមទៀត។ រៀបចំទីតាំង រៀបចំរចនាសម្ព័ន្ធជាលក្ខណៈ អប់រំពិសេសស្រប តាមស្តង់ដារអន្តរជាតិ” ។

ប៉ុន្តែលោកក៏មិនភ្លេចអំពាវនាវ ឲ្យសប្បុរសជន បន្តចូលរួមឧបត្ថម្ភគាំទ្រទៀត ដើម្បីរៀបចំដំណើរការឲ្យបានទៅមុខជោគជ័យ។

ជាមួយគ្នានេះដែរ លោកបានរៀបរាប់ពីផលវិបាក ក្នុងការបង្រៀនកុមារអូទីហ្សឹមផងដែរ ។ ការបង្រៀនកុមារអូទីហ្សឹម ពិតជាពិបាកបង្រៀន ជាងក្មេងពិការដៃជើង ឬគ ថ្លង់ ១០០ដងពីព្រោះក្មេងអូទីហ្សឹមមានអាការៈរោគខុសប្លែកឆ្ងាយ ពីកុមារពិការរាងកាយផ្សេងទៀត ។ លោកថា ជួនកាលគ្រូកំពុងបង្រៀនក្មេងអូទីហ្សឹម បានយកស្បែកជើង និងចង្កឹះ ឬសំ ស្លាព្រាវាយក្បាលគ្រូលេង ជាហេតុធ្វើឲ្យគ្រូខ្លះមិនអាចតាំង ចិត្តបង្រៀនទៀតបាន។ ដោយគ្រូខ្លះបង្រៀន បានតែ២ទៅ៣ថ្ងៃ ដាក់ពាក្យលាឈប់តែម្តង។

គិតមកដល់ដើមឆ្នាំ២០២១នេះ កម្ពុជាមានក្មេងពិការផ្នែកអូទីហ្សឹមជាង ២ម៉ឺនាក់នៅទូទាំងប្រទេស ។ នេះបើតាមលោក ចាន់ សារិន ក្នុងនាមជាប្រធានបណ្តាញដឹក នាំបណ្ដាញជនពិការខ្សោយសតិបញ្ញា និងអូទីហ្សឹម ។

លោកក៏បានផ្ញើសារទៅកាន់ឪពុក-ម្តាយ ឬអាណាព្យាបាលថា ត្រូវយកចិត្តទុកដាក់ដល់កូនៗ ចាប់តាំងពីថ្ងៃកើតកុំបណ្តែតបណ្តោយ ព្រោះអាចធ្វើឲ្យកូនក្លាយជាក្មេងអូទីហ្សឹម ។ អូទីហ្សឹមអាចកើតលើកុមារ ពីអាយុ២៤ទៅ៣៦ខែ ។ ឪពុក-ម្តាយត្រូវចំណាយពេលវេលា ក្នុងមួយថ្ងៃ៣ម៉ោងយ៉ាងតិច ដើម្បីនៅជាមួយកូនឲ្យបានជាប់លាប់ គឺពេលព្រឹក១ម៉ោង រសៀល១ម៉ោង និងល្ងាច១ម៉ោង ដើម្បីបាននិយាយលេងជាមួយកូន ។

បន្ថែមពីនេះទៀត ប្រធានបណ្តាញ ដឹកនាំបណ្ដាញ ជនពិការខ្សោយសតិបញ្ញា និងអូទីហ្សឹម បានឲ្យដឹងថា អាការៈរបស់កុមារអូទីហ្សឹម ពិបាកមានទំនាក់ទំនង ជាមួយអ្នកណាទាំងអស់ពោល គឺមានទំនាក់ទំនងតែមួយខ្លួនឯង ដូចជាការរស់នៅលើកោះមួយ តែម្នាក់ឯងអីចឹង។ រូបគេចង់ឲ្យតែគេយល់ពីខ្លួន ប៉ុន្តែមិនយល់ពីគេវិញ។ កុមារអូទីហ្សឹម ក្នុងចំណោម ១០០នាក់ មាន ២៥% មិននិយាយស្តីអ្វីទេ ។ ចំពោះភាសាវិញ និយាយស្តាប់គ្នា មិនបានទាល់តែសោះ ភាគច្រើនគេនិយាយថាត្រាំតាម និងភាសាតុក្កាតាជាដើម ។ ចំពោះអាកប្បកិរិយាវិញ គឆាប់ខឹងមួរម៉ៅក្តៅក្រហាយ បោកប្រាស់វាយគេវាយឯង ច្រឡោតតោតតោងយំ នៅពេល ដែលខ្លួនឯង មិនបានអ្វីមួយដែលចង់បាន។ លោកថា បើឃើញរោគសញ្ញាទាំងនេះឪពុក-ម្តាយ គួរនាំកូនទៅរកពេទ្យជំនាញភ្លាម ៕

To Top