ព័ត៌មានជាតិ

រដ្ឋសភាប្រកាស ជ្រើសរើសបេក្ខភាព ជាប្រធាន គ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាកម្ពុជា ប្រកាសជ្រើសរើសបេក្ខជន ឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាឈប់ ពីប្រធានដោយសារមានជំងឺ ។

យោងតាមសេចក្តីជូនដំណឹង របស់លេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃ៤ មិថុនា នេះបានឲ្យដឹងថា “នឹងធ្វើការជ្រើសរើសបេក្ខជន ឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតអនុលោម តាមមាត្រា៥ មាត្រា៦ មាត្រា៩ និងមាត្រា១១នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត” ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានថ្លែងថា កាលពីប៉ុន្មាន ថ្ងៃមុនលោកស៊ិក ប៊ុនហុក ជាប្រធាន បានដាក់ពាក្យឈប់ ដោយសារមានបញ្ហាសុខភាព ។

ក្រោយដាក់ពាក្យលាឈប់ របស់លោក ស៊ិក ប៊ុនហុក រួចមក នៅព្រឹកថ្ងៃ៤ មិថុនា នេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍សភា ក៏បានរៀបចំការប្រជុំ តាមប្រព័ន្ធអនឡាញ ដើម្បីអនុម័តយល់ព្រម សំណើលាឈប់ របស់លោក ស៊ិក ប៊ុនហុក ពីប្រធានគ.ជ.ប ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានអនុម័ត យល់ព្រម នូវសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីជ្រើសរើសបេក្ខជន ជាប្រធានថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក មានវ័យ៧៥ឆ្នាំ គិតនៅឆ្នាំ២០២១នេះ ។ លោក ស៊ិក ប៊ុនហុក រួមទាំង សមាសភាព គ.ជ.ប ៨រូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័ត ជាឯកច្ឆ័ន្ទកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រោយការសម្របសម្រួល នយោបាយ រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមរូបមន្ត៤-១-៤ (គណបក្សប្រជាជនកម្ពុជា ៤រូប សង្គមស៊ីវិល ១រូប និង គណបក្សសង្គ្រោះជាតិ៤រូប )៕

To Top