ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ចំណាយ ថវិកា ៣២២លានដុល្លារ សម្រាប់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ អំឡុងជំងឺកូវីដ១៩

ភ្នំពេញ ៖ ចាប់តាំងពីប្រកាស ដាក់ឲ្យដំណើរការ កម្មវិធីអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ មិថុនា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ៣២២,៨១លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹង ថា វឌ្ឍនភាពនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ គិតចាប់ពីរាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យដំណើរការមក មានគ្រួសារក្រីក្រ និងងាយរងគ្រោះ មកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ ឧបត្ថម្ភចំនួន ៦៩៣ ៩៣៣ គ្រួសារ ឬស្មើនឹងសមាជិក ចំនួន ២ ៧៥០ ៥០១នាក់ ទទួលការឧបត្ថម្ភក្រោម កម្មវិធីជំនួយសង្គមពិសេសនេះ ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានចំណាយថវិកា សរុបចំនួន ១ ២៩១ ២៤៣ ៨៥៦ ០០០ រៀល ស្មើនឹង ៣២២,៨១ លានដុល្លារអាមេរិក» ។

ដោយឡែក គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ ត្រូវអនុវត្តបាន រយៈពេលពេញ១ឆ្នាំ និងទទួលលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុង ទទួលបានការគាំពារ និងទ្រទ្រង់ជីវភាព រស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ កម្មវិធីនេះ ក៏ទទួលបានការសាទរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ ៕

To Top