ភ្នំពេញ៖ បឹងពារាំង ដែលជាតំបន់អភិរក្សត្រីមេពូជ ចម្រុះក្នុងសង្កាត់ជ្រាវ ជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាប ត្រូវបានស្រកផុត នៅរដូវប្រាំង។ បឹងពារាំងនេះ តែងតែរីងស្ងួតបន្តិចម្តងៗ ជារៀងរាល់ឆ្នាំ ធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំង បានងាប់ជាបណ្តើរៗ ដោយសារតែទឹក ក្នុងបឹងរីងស្ងួតលឿន។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះ ដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយ មិនបានទៀត នឹងសុំគោលការណ៍ ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់ បញ្ចូលថែមទៀតប៉ុណ្ណោះ។
ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំង ចាប់បានផ្តើមងាប់ចំនួនពីរ យប់មកហើយ។ យប់ថ្ងៃទី០៣ ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី០៤ មិថុនានេះ ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជ ចម្រុះងាប់លឿនបែបនេះ ដោយសារកត្តា អាកាសធាតុក្តៅខ្លាំង ធ្វើអោយទឹករីងហួតលឿន។
លោក គង់ មង្គល អោយដឹងទៀតថា កន្លងមកសហគមន៍បានស្នើសុំ ទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកក្នុងការអភិរក្សត្រីមេពូជដែរ។ តែដោយសារលិខិត ដឹកជញ្ជូនអាចម៍ដី ចេញមានការយ៉ឺតយ៉ាវ ទើបមិនអាចបន្តជីក ទៀតកើត ហើយខ្វះទឹកក្នុងការសង្គ្រោះត្រី បែបនេះ។
លោកបញ្ជាក់ថា ប្រសិនបើនៅតែបែបនេះ ត្រីមេពូជ និងហ្វូងសត្វស្លាបទឹក អាចបន្តងាប់ថែមទៀតជាមិនខាន។ តែលោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងជួយពន្លឿន ក្នុងការផ្តល់លិខិត ដឹកអាចម៍ដីចេញ ដើម្បីបានបន្តជីកស្តារ បឹ ងនេះទៀត។
ជាមួយគ្នានេះដែរ លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះនឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត។ បើមិនអីចឹងទេ ត្រីមេពូជ អាចងាប់បន្តរហូត ដល់អស់ពីបឹង ក៏ថាបាន៕