នយោបាយ

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ ចំនួន២ ដោយផ្ទាល់នៅទីក្រុងឆុងឈីង ប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹង ប្រព្រឹត្ត នៅ ថ្ងៃទី ៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០ ២ ១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ មិថុនាបានឲ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា គឺជា ផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួបដើម្បី អបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថានឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ យុទ្ធ សាស្រ្ត អាស៊ាន -ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈម នានាដែល កំពុង កើតមា ន ឡើង ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និង អន្តរជាតិ ដែល ជា ចំណាប់អារម្មណ៍រួម ផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្រ្តី ការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេស ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញ បំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោកទីប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ នឹង អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖

១. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។

២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន ។

ក្នុងឱកាសនៃការស្នាក់នៅទីក្រុងឆុងឈីង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោង នឹង មាន ជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដោយផ្ទា ល់ ដើម្បីពង្រឹង បន្ថែម ទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ៕

To Top