ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការផ្ដល់ឱកាសឲ្យកុមារប្រើប្រាស់ទូរសព្ទច្រើនពេក ដើម្បីបង្វែរ អារម្មណ៍គាត់នៅស្ងៀមមិនរពឹស មិនមែនដំណោះស្រាយល្អទេ វាអាចនឹងបង្កផលប៉ះពាល់ ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់គាត់ នៅថ្ងៃអនាគត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានពន្យល់ថា «ការផ្ដល់ឱកាស ឱ្យកុមារប្រើប្រាស់ទូរសព្ទច្រើនពេក ដើម្បីផ្តល់ជាការកម្សាន្ត និងបង្វែរអារម្មណ៍ ឱ្យ គាត់នៅស្ងៀមមិនរពឹស មិនមែនជា ដំណោះស្រាយល្អបំផុតនោះទេ ។ វាអាចនឹងបង្កជាផល ប៉ះពាល់ដល់សុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់គាត់ នៅថ្ងៃអនាគត»។
ក្រសួងអប់រំ ក៏បានណែនាំពីគន្លឹះថ្មីៗ ដើម្បីការពារកូនរបស់លោកអ្នក ត្រូវតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia។
សូមរំលឹកថា នាពេលបច្ចុប្បន្ននេះ មានឪពុក-ម្ដាយ មួយចំនួន បានឲ្យកូនៗរបស់ពួកគាត់លេងទូរសព្ទ ធ្វើឲ្យពួកគេលែងសូវខ្វល់ជាមួយមនុស្សជុំវិញខ្លួន ដូច្នេះហើយទើបមានមតិមួយចំនួនលើកឡើងថា ក្មេងៗ ដែលកើតអូទីស្សឹមបណ្តាលមកពីការលេងទូរស័ព្ទច្រើនពេក។
ជាមួយគ្នានេះដែរ បច្ចេកវិទ្យា កាន់តែទំនើប និងមមាញឹកការងារពេក ជាហេតុផលមួយ ធ្វើឲ្យឪពុក-ម្ដាយ មួយចំនួន មិនសូវមានចំណាយពេល ជាមួយកូនតូច នោះ ឪពុក-ម្ដាយ សម័យនេះបានជ្រើសរើសការហុចទូរស័ព្ទទំនើប ឬគ្រឿងអេឡិចត្រូនិកនានា ដើម្បីឲ្យកូនលេង បាត់យំ និងមិនមករំខាន ជាដើម។ កុមារតូចអាយុក្រោមពី២ឆ្នាំទៅ ជាវ័យត្រូវការអាហារបំប៉នច្រើនមុខ ដើម្បីទៅចិញ្ចឹមរាងកាយ និងខួរក្បាល ព្រមទាំង ឲ្យគាត់គេងបានគ្រប់គ្រាន់ ផងដែរ ៕