ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសៅរ៍ ទី០៥ខែមិថុនា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីវេទិកា យុវជនក្រោមប្រធានបទស្តីពី “ទស្សនៈយុវជន ចំពោះគោលនយោបាយជាតិ គាំពារសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចគាំពារសង្គម និងផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសយុវជនតែម្តង ដើម្បីឈ្វេងយល់ កាន់តែច្បាស់ និងស៊ីជម្រៅ អំពីសារៈសំខាន់ នៃច្បាប់ស្តីពី របបសន្តិសុខសង្គមកម្ពុជា ក៏ដូចជាតម្រូវការចាំបាច់ នៃកិច្ចគាំពារសង្គម សម្រាប់សិស្ស និស្សិត និងព្រះសង្ឃជាដើម។
លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាយុវជន ដ៏សំខាន់នេះ អ្នកចូលរួមទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក៏ដូចជាអ្នកចូលរួម ស្តាប់តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ YRDP នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ នូវអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម និងមានឱកាសលើកឡើងនូវការព្រួយបារម្ភ និងតម្រូវការនានា ទៅលើការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
គួរឱ្យដឹងផងដែរថា ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកចេញជាពីរប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺ៖
(១). ប្រព័ន្ធសន្តិសុខសង្គម (Social Security) ដែលគ្របដណ្តប់ទៅលើរបបសន្តិសុខសង្គមចំនួន ៥ រួមមាន៖
– ផ្នែកប្រាក់សោធន
– ផ្នែកថែទាំសុខភាព
– ផ្នែកហានិភ័យការងារ
– ផ្នែកនិកម្មភាព
– ផ្នែកពិការភាព
(២). ប្រព័ន្ធជំនួយសង្គម (Social Assistant) ដែលគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖
– ការឆ្លើយតបទៅនឹងគ្រោះអាសន្ន
– ការអភិវឌ្ឍមូលធនមនុស្ស
– ការបណ្តុះបណ្តាលវិជ្ជាជីវៈ
– សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ
សូមបញ្ជាក់ថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនស្ម័គ្រចិត្ត (YRDP) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួមពីតំណាងអង្គការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមទាំងយុវជន និងព្រះសង្ឃសរុបប្រមាណជាង ១០០អង្គ/នាក់៕