ព័ត៌មានជាតិ

របរចិញ្ចឹមខ្យងចំពុះទាធ្វើឲ្យសហគមន៍ពាមក្រសោបទទួលចំណូលពី៤-៦លានដុល្លារ

ភ្នំពេញ ៖ មុខរបរចិញ្ចឹមខ្យងចំពុះទារបស់ប្រជាសហគមន៍ពាមក្រសោបប្រមាណ១១៥គ្រួសារ នៅខេត្តកោះកុង បានធ្វើឲ្យពួកគេរកចំណូលបានពីចន្លោះ៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លារក្នុងមួយឆ្នាំ។

តាមហ្វេសរបស់ក្រសួងបរិស្ថាននាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ខ្យងចំពុះទាត្រូវបានចិញ្ចឹមដោយប្រជាសហគមន៍ពាមក្រសោបមានប្រមាណជា១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្រប្រមាណ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣ ១៦៣ តោន ក្នុងមួយឆ្នាំ ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ។

ក្រសួងបន្តថា “ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ ០០០រៀល និងចំហុយបកសំបករួច មានតម្លៃ ៦០ ០០០រៀល ក្នុងមួយគីឡូក្រាមដែលធ្វើឲ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណពី៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លារក្នុងមួយឆ្នាំ” ។

ក្រសួងបរិស្ថានបានរៀបរាប់ទៀតថា បច្ចុប្បន្នខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយៈឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយៈការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។

ចំពោះអត្ថប្រយោជន៍របស់ខ្យងចំពុះទានេះ អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដូចជាដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ តែប្រជាជនកម្ពុជាចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅ ឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ហើយគេក៏អាចផលិតជាប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។

សូមបញ្ជាក់ថា ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ៕

To Top