ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្រេចផ្អាកដំណើរការ តូបលក់ដូរមួយចំនួន ក្នុងផ្សារព្រែកតាមាក់ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៨-២២ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជីវករលក់គ្រឿងអលង្ការ (លក់មាស) ចំនួន២នាក់ ឆ្លងជំងឺកូវីដ-១៩ ។
តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានរៀបរាប់ថា កាលពីថ្ងៃទី ៧ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ ក្នុងផ្សារព្រែកតាមាក់ បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាកកូន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១៩ លទ្ធផលចេញមក គឺវិជ្ជមានទាំង២នាក់។
រដ្ឋបាលស្រុកខ្សាច់កណ្តាលបន្ដថា ប្រវត្តិដំណើររបស់អ្នកជំងឺកូវីដ-១៩ ទាំង២នាក់ គឺបានមកលក់ដូរ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ និងបានចូលទៅពាក់ព័ន្ធជាមួយអ្នកលក់ដូរ ក្នុងផ្សារដ៏ទៃទៀតផងដែរ។
រដ្ឋបាលស្រុកខ្សាច់កណ្តាល បញ្ជាក់ថា «សូមផ្អាកដំណើរការតូបលក់ដូរមួយចំនួន ដែលពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលក្នុងផ្សារព្រែកតាមាក់នេះបន្តទៀត»។
រដ្ឋបាលស្រុកខ្សាច់កណ្តាលសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេស អាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចាប់ពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២១ ទាំងអស់ ត្រូវអញ្ជើញមកយកសំណាកពិនិត្យឲ្យបានគ្រប់ៗគ្នា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕