ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នាថ្ងៃទី៨ មិថុនា នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឆ្លៀតជួបពិភាក្សាការងារ ទ្វេភាគី ជាមួយលោក វ៉ា យី ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ ។
យោងតាមស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្រោយជំនួបពិភាក្សាការងារ ប្រមុខការទូតទាំងពីរ ក៏បានអញ្ជើញ ចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖
១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះ បានរៀបចំផែនការយ៉ាងលម្អិត សម្រាប់កិច្ចសហប្រតិបត្តិការវិស័យ វប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ។
២.អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នា ក្នុងការដោះស្រាយ ហានិភ័យនិងបញ្ហាប្រឈម នៃបណ្តាញអ៊ីនធើណេត និងសន្តិសុខទិន្នន័យ។
ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើម សន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗ ដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕