Covid-19

ក្រុមស្រ្តីក្នុងសម័យកូវីដ ជួបវិបត្តិក្នុងការបីបាច់ចិញ្ចឹមកូន តាមរយៈរកប្រាក់បង់ថ្លៃសាលាឯកជន

ភ្នំពេញ៖ ក្នុងទឹកមុខញញឹមញញែមផង ក្រៀមក្រំផងក្រុមស្រ្តីដែលជាអាជីវករ និងធ្វើការក្នុងក្រុមហ៊ុនឯកជន មួយចំនួនបានបញ្ចេញអារម្មណ៍រៀងៗខ្លួន ជុំវិញការមើលថែទាំកូនៗ ក្នុងពេលកម្ពុជាបាននិងកំពុង ជួបប្រទះជំងឺកូវីដ១៩។ អារម្មណ៍របស់ពួកគាត់ម្នាក់ៗបង្ហាញមកថា មានភាពលំបាកក្នុងការរកថវិកាបង់ថ្លៃសាលាកូន ដោយសារកូនៗរៀនសាលាឯកជន ត្រូវរៀនតាមប្រព័ន្ធអនឡាញ ក្រោយការផ្អាករៀននៅក្នុងថ្នាក់ ។

បើតាមជួបការសំភាសន៍ ជាមួយក្រុមស្រ្តីក្នុងសម័យកូវីដ១៩នេះ មានស្រ្តីខ្លះត្រូវបង្ខំចិត្តឈប់ធ្វើការ ដើម្បីមានពេលវេលាគ្រប់គ្រាន់ មើលថែរក្សាកូនតូចៗរបស់ខ្លួន ក្រោយផ្អាកការសិក្សាក្នុងសាលា និងខ្លះបន្តធ្វើការដើម្បី យកថវិកាមកផ្គត់ផ្គង់គ្រួសារ ។

“សាលាដឹងតែលុយចូល មិនសូវគិតពីការលំបាករបស់សិស្ស អាណាព្យាបាលសិស្សសោះឡើយ ។ បើស្តាប់ការនិយាយ គឺល្អហួស សិស្សរៀនតាមអនឡាញរហូត បន្ទុកចំណាយលើអ៊ិនធឺណិត លើថ្លៃទឹកភ្លើង ជាបន្ទុករបស់អាណាព្យាបាល។ ដោយឡែក អ្នកមានកូនរៀនថ្នាក់មត្តេយ្យត្រូវចំណាយ មនុស្សម្នាក់ទៀតនៅជាប់ជាមួយកូន ដើម្បីអាចរៀននិងធ្វើលំហាត់បាន។ ចំពោះសិស្សថ្នាក់មត្តេយ្យមានឯកសារខ្លះ ចែកឲ្យតែប៉ាម៉ាក់ភាគច្រើន ក៏អត់ហ៊ានទៅយកដែរ ព្រោះខ្លាចកូវីដ គឺសុខចិត្តព្រីនខ្លួនឯងនៅផ្ទះ”។ នេះជាសាររបស់ស្រ្តីម្នាក់ធ្វើការ នៅក្រុមហ៊ុនឯកជនសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនាថ្ងៃ៩ មិថុនា ។

អ្នកស្រីបន្តថា សាលាមិនដែលទំនាក់ទំនង សួរនាំពេលសិស្សមិនបានចូលរៀនអនឡាញ ដឹងតែកត់អវត្តមានយកតាមមុខវិជ្ជា ហើយក៏មិនដែលសួរនាំពីលទ្ធផល នៃការសិក្សារបស់សិស្ស។ ដូច្នេះសួរថា ហេតុអ្វីសាលាមិនមានបញ្ចុះតម្លៃសិក្សា និងថ្លៃរដ្ឋបាលសោះបែបនេះ? ការបញ្ចុះតម្លៃ ១០០ឬ៥០ដុល្លារនោះសាលាតែងតែធ្វើ ទោះមិនទាន់មានកូវីដក៏ដោយ តែពេលនេះបែរជាអត់ទៅវិញ។

អ្នកស្រីលើកឡើងទៀតថា “តើសាលាបានគិតដល់ភាពលំបាកបែបនេះទេ អាណាព្យាបាលបង់លុយ ១ឆ្នាំពេញ សម្រាប់ឆ្នាំសិក្សា២០២០-២០២១។ នេះថ្លៃជាងឆ្នាំមុនទៀត តែស្ថានភាពឆ្នាំនេះរឹតតែអាក្រក់ជាងឆ្នាំមុន ឥឡូវបើសាលាឡើងថ្លៃទៀត តើសាលាឡើងដោយលើកហេតុផលអី្វ ?”។

អ្នកស្រីបន្ថែមថា ការយោគយល់ ការគិតគូររបស់គណៈគ្រប់គ្រងសាលាក្នុងបរិបទកូវីដនេះ នឹងធ្វើឲ្យអាណាព្យាបាលគ្រប់រូបតស៊ូ នៅជាមួយសាលារហូតទាល់តែកូនៗរៀនចប់ ។

ស្រ្តីវ័យកណ្ដាលម្នាក់ឈ្មោះ ឃួន សុភី ជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ទៀតបានប្រាប់ដែរថា ខ្លួនត្រូវបង្ខំចិត្តឈប់ធ្វើការដើម្បី យកពេលវេលាមកមើលកូន។ ស្រ្តីរូបនោះថា បើសិនជាកូនរៀននៅសាលាខ្លួនមិនឈប់ទេ ព្រោះនៅសាលាកូនរៀនស្ទើរពេញមួយថ្ងៃ ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ-អ្នកគ្រូ ហើយខ្លួនមានពេលគ្រប់គ្រាន់ធ្វើការ ប៉ុន្តែនៅពេលបិទសាលាកូនត្រូវនៅផ្ទះ ដូច្នេះការមើលថែកូនត្រូវ ធ្លាក់មកអ្នកស្រីទាំងស្រុង។

ចំពោះការរៀនតាមអនឡាញ ពីផ្ទះទៅវិញអ្នកស្រី ឃួន សុភី បានឲ្យដឹងថា សាលាមិនបានបញ្ចុះតម្លៃ ទេពោលតម្លៃដដែល ទោះបីបានស្នើសុំឲ្យខាង សាលាបញ្ចុះយ៉ាងណាក៏ដោយ ។ ករណីនេះ អ្នកស្រីគាំទ្រឲ្យខាងក្រសួងអប់រំ ស្នើទៅសាលាបញ្ចុះតម្លៃខ្លះ ដើម្បីបន្ធូរបន្ថយចំណាយ ព្រោះរាល់ថ្ងៃមានតែប្តីទេ ជាអ្នករ៉ាប់រងរកចំណូល ខណៈខ្លួនបានឈប់ធ្វើការ ហេតុនេះទើបបាត់ចំណូលមួយផ្នែក ។

អ្នកស្រីបញ្ជាក់ថា “យើងនៅតែបង់សាលាធម្មតាអត់មានចុះសោះ ដល់ពេលចំណូលយើងបាត់បង់ ចំណូលពីកន្លែងធ្វើការ។ ដោយសារកូនអត់នៅជាមួយ អ្នកណាបានចឹងត្រូវឈប់ពីការងារ ចឹងត្រូវបាត់បង់ចំណូលមួយចំហៀង។ ចំណូលរកតែប៉ាវា(ប្តី) ។ ខ្ញុំលក់អនឡាញតិចតួចនៅផ្ទះ ចឹងវាពិបាកដែរ ។ ខ្ញុំបានសួរខាងសាលាឲ្យបញ្ចុះតម្លៃដែរ តែគេអត់បញ្ចុះឲ្យយើងផង”។

ស្រ្តីម្នាក់ទៀតឈ្មោះ គឹមយាង ជាអាជីវករលក់ម្ហូបអាហារនៅក្បែរផ្សារ ក្នុងសំលៀកបំពាក់ជាអ្នកលក់ដូរ រៀបរាប់ថា កូនៗទាំង៣រៀនសាលារដ្ឋផង និងរៀនអង់គ្លេសនៅសាលាឯកជន ប៉ុន្តែសម្រាប់សាលាអង់គ្លេសវិញ ខាងសាលាមិនបានបញ្ចុះតម្លៃឲ្យទេ ដូច្នេះអ្នកស្រីស្នើឲ្យរាជរដ្ឋាភិបាលមេត្តា ធ្វើយ៉ាងណាជំរុញឲ្យសាលាឯកជនបញ្ចុះតម្លៃ ដើម្បីកាត់បន្ថយការចំណាយបង់ ខណៈការលក់ដូរសព្វថ្ងៃមិនសូវដាច់ ។

អ្នកស្រីបន្តថា “ក្នុងនាមខ្ញុំជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ខ្ញុំសូមណូមពរដល់រាជរដ្ឋាភិបាលឲ្យ បញ្ចុះការសិក្សាតាមប្រព័ន្ធអនឡាញខ្លះ ពីព្រោះការលក់ដូរសព្វថ្ងៃពិបាកមែនទែន ស្ងាត់ លក់តិចដេញ លក់តិចដេញ រើទៅណេះតិចទៅនោះតិច។ ពិបាកមែនទែនរាល់ថ្ងៃនេះ” ។

ចំពោះអ្នកស្រី ស្រីនាងវិញ ក៏មិនខុសពីស្រ្តីទាំង៣នេះដែរ ខ្លួនត្រូវរ៉ាប់រកមើលការខុសត្រូវកូនទាំង៣ ស្ថិតនៅក្នុងបន្ទុក ជាពិសេសកូនៗទោះបីផ្អាកការសិក្សានៅ សាលាតែពួកគេរៀននៅតាមអនឡាញ ។ រៀនអនឡាញនៅសាលាឯកជន ផ្នែកភាសាអង់គ្លេសដែរ។ ដោយតាំងពីផ្អាករៀននៅ សាលាឯកជនអង់គ្លេសមក ត្រូវនៅរៀនពីផ្ទះទៅវិញ តែថ្លៃបង់សាលានៅដដែល មិនមានការបញ្ចុះតម្លៃអ្វីទេ ជាហេតុធ្វើឲ្យខ្លួនពិការរកលុយបង់។

អ្នកស្រីថា ម្យ៉ាងទៀតរៀនពីផ្ទះទៅ មិនគ្រប់ជ្រុងជ្រោយ និងពេញលេញដូចនៅសាលាទេ ដូចនេះបើខាងសាលាយោគយល់ បញ្ចុះខ្លះវាជាការប្រសើរ ។

អ្នកស្រីបញ្ជាក់ថា “ក្នុងសម័យកូវីដរៀងពិបាកចិញ្ចឹមកូនតិច លក់ដូរមិនសូវដាច់។ កូនៗនៅលើផ្ទះត្រូវរៀនតាម អនឡាញវាមិនស្រួលទេ ក្នុងសម័យកូវីដនេះ។ កូនខ្ញុំរាល់ថ្ងៃនេះរៀនអង់គ្លេសតាមអនឡាញ ហើយបើមានការបញ្ចុះតម្លៃតិច ក៏វាល្អសម្រាប់ប្រជាពលរដ្ឋតិច ដោយសារពិបាករកលុយ”។

មជ្ឈមណ្ឌលព័ត៌មានបានទាក់ទង សុំការអធិប្បាយពីលោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាតាមប្រព័ន្ធតេឡេក្រាម អំពីសំណើររបស់ក្រុមស្រ្តីក្នុងបរិបទកូវីដនេះដែរ ប៉ុន្តែលោកមិនទាន់ បានឆ្លើយតបនៅឡើយទេ ៕

To Top