ព័ត៌មានជាតិ

លោកស្រី មូរ សុខហួរ បំភ្លឺថា លុយជាង៧០ម៉ឺនដុល្លារ អត់បាត់ទៅណាទេ (មានវីដេអូ)

ភ្នំពេញ ៖ លុយមូលនិធិសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ ឬ Sun TV ជាង៧០ម៉ឺនដុល្លារកំពុងតែប្រទាំងប្រទើសគ្នារវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ីដោយសារមិនដឹងថា លុយនេះបាត់ទៅខាងណា ។ ករណីនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរបានចេញមកស្រាយបំភ្លឺថា លុយ៧០ម៉ឺនដុល្លារអត់បានបាត់ទៅណា ឲ្យតែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានសិទ្ធិបើកទូរទស្សន៍ព្រះអាទិត្យនឹងឃើញភ្លាម ។

តែក្រសួងព័ត៌មានថា បានផ្តល់អាជ្ញាប័ណ្ណឲ្យបង្កើតទាំងទូរទស្សន៍ និងវិទ្យុ រួចហើយ តាមរយៈឲ្យបើកជាលក្ខណៈក្រុមហ៊ុន ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ។

តាមរយៈវិដេអូជាង១នាទីផ្សាយក្នុងហ្វេសប៊ុកនាថ្ងៃ៧ មិថុនា លោកស្រីមូរ សុខហួរ បានឲ្យដឹងថា សួរថាលុយទូរទស្សន៍សង្រ្គោះជាតិ៧០ម៉ឺនដុល្លារនៅឯណា ? ចំលើយងាយទេ ឲ្យតែអនុញ្ញាតឲ្យបង្កើតទូរទស្សន៍ព្រះអាទិត្យនឹងឃើញភ្លាម។

លោកស្រីថា ព្រោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានឯកភាពជាមួយគណបក្សសង្រ្គោះជាតិអនុញ្ញាតឲ្យបង្កើតទូរទស្សន៍កាលពីអំឡុងឆ្នាំ២០១៤ ។

លោកស្រី មូរ សុខហួរបញ្ជាក់ថា “ឥឡូវចង់ដឹងថា លុយ៧០ម៉ឺនដុល្លារដែលបងប្អូនទាំងអស់គ្នាចូល ហើយជាលុយញើសឈាមរបស់បងប្អូនថា តើលុយហ្នឹងនៅឯណា សូមឲ្យរដ្ឋាភិបាល ឲ្យអាជ្ញាប័ណ្ណ ហើយបើកឲ្យយើងមានសិទ្ធិបង្កើតទូរទស្សន៍ព្រះអាទិត្យ លុយហ្នឹងនឹងឃើញភ្លាមមួយរំពេច។ លុយហ្នឹងអត់ទៅណាទេ” ។

លោកស្រីថា ព្រោះលោកស្រីក៏បានចូលរួមថែរក្សាលុយនេះដែរ។

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងបកទៅវិញថា “ការផ្តល់ឡាយសិន ឬអាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុឲ្យរួចហើយ ។ ឲ្យទៅនោះ ក្នុងន័យបង្កើតក្រុមហ៊ុន ក៏ប៉ុន្តែអាជ្ញាប័ណ្ណហ្នឹងបានទៅដល់ដៃហើយ តើក្រុមហ៊ុននោះយកទៅធ្វើអី? ចំលើយថា វាមានអាថ៌កំបាំងរបស់ក្រុមហ៊ុននោះទេ ។ ចឹងរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណដល់បក្សនយោបាយទេ ប៉ុន្តែក្រុមហ៊ុនធ្វើបាន ។ ចឹងបានឲ្យពួកគេបង្កើតក្រុមហ៊ុនទៅ” ។

លោកថា ដូច្នេះអាប័ណ្ណរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានប្រគល់ឲ្យរួចហើយ ហើយកុំមកយកលេស ដោះទាល់ ដោះសារថា មិនបានប្រគល់ឲ្យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបានបើកប្រមូលជំនួយពីសាធារណជនដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ។

ក្នុងនាមជាអ្នកទម្លាយអាថ៌កំបាំង បាត់ថវិកាប្រមូល ពីការបង្កើតទូរទស្សន៍ព្រះអាទិត្យ ជាង៧០ម៉ឺនដុល្លារ មិនដឹងទៅខាងណា លោក មុត ចន្ថា បានឲ្យដឹងថា មានអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ ហើយមកទល់ពេលនេះមិនដឹងលុយទៅណាទេ៕

To Top