ព័ត៌មានជាតិ

ម្ចាស់អចលនទ្រព្យទាំងអស់ រួសរាន់ មកបង់ពន្ធ ឲ្យទាន់ពេលវេលា ផុតកំណត់ត្រឹមថ្ងៃ៣០ កញ្ញា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធត្រូវរួសរាន់មកប្រកាសបង់ពន្ធឲ្យទាន់ពេលវេលា ដោយផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។

តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៨ មិថុនា បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់ នាថ្ងៃទី៣០ កញ្ញា ខាងមុខ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង បាននូវការកកស្ទះ ការប្រជ្រៀត គ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ដែលអាចនាំឲ្យមានបាតុភាពអសកម្ម ដោយប្រការណាមួយ ។ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់ អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១»។

អគ្គនាយកដ្ឋានពន្ធដារបន្ដថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ ក៏សង្ឃឹមមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន ៕

To Top