ភ្នំពេញ ៖ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឲ្យអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សា ចរចាគ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់គ្នាកម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីកូវីដ-១៩ដូចគ្នា។
លោកបន្តថា ទន្ទឹមនឹងនេះ ក្រសួងអប់រំ គោរពអនុវត្តតាមគោលការណ៍នានារបស់រាជដ្ឋាភិបាល។
ការថ្លែងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមស្រ្តីស្ថិតនៅក្នុងបរិបទកូវីដ១៩ដែលជាអាជីវករ និងធ្វើការក្នុងក្រុមហ៊ុនឯកជន មួយចំនួនបានបញ្ចេញអារម្មណ៍ ជុំវិញការមើលថែទាំកូនៗ ក្នុងពេលកម្ពុជាបាននិងកំពុង ជួបប្រទះជំងឺកូវីដ១៩។ ដោយពួកគាត់បង្ហាញថា មានភាពលំបាកក្នុងការរកថវិកាបង់ថ្លៃសាលាកូន ដោយសារកូនៗរៀនសាលាឯកជន ត្រូវរៀនតាមប្រព័ន្ធអនឡាញ ក្រោយការផ្អាករៀននៅក្នុងថ្នាក់ ហើយសាលាមិនបញ្ចុះតម្លៃសិក្សា។ ពួកគាត់ក៏បានស្នើទៅក្រសួងអប់រំឲ្យជួយជំរុញដល់បណ្តាសាលាឯកជនទាំងអស់ជួយបញ្ចុះតម្លៃខ្លះផង ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងការចំណាយលើថ្លៃបង់សាលា និងចំណាយផ្សេងនៅក្នុងផ្ទះ ៕