ព័ត៌មានជាតិ

មន្ត្រីចរចារដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ជួបគ្នានៅទីក្រុងដូហា ដើម្បីពិភាក្សាសន្តិភាព

បរទេស៖ មន្ត្រីចរចារបស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងទីក្រុងដូហា នាសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីដំណើរការសន្តិភាព ហើយនេះជាកិច្ចប្រជុំដំបូងក្នុងពេលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីកិច្ចចរចាគ្នាបានជាប់គាំងនៅដើមឆ្នាំនេះ។

មន្ត្រីនាំពាក្យរបស់ពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃពុធនេះថា ប្រធានរបស់ក្រុមទាំងពីរ រួមទាំងមន្ត្រីចរចារបស់ពួកគេខ្លះ បានជួបគ្នាកាលពីថ្ងៃមុន នៅក្នុងទីក្រុងដូហា។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថាមន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “ពួកគេបានពិភាក្សាគ្នាពីប្រធានបទនៃរបៀបវារៈ ពន្លឿនដំណើរការកិច្ចចរចាអាហ្វហ្គានីស្ថាន និងការឈានដល់ការយោគយល់គ្នាទៅវិញទៅមក ចំពោះបញ្ហានេះ”។

គួរបញ្ជាក់ថា កិច្ចប្រជុំនោះ គឺត្រូវបានគេប្រកាសជាលើកដំបូងថា ជាការជួបគ្នារបស់ភាគីទាំងពីរ ចាប់តាំងពីពាក់កណ្ដាលខែឧសភាមកនិងក្រោយកិច្ចពិភាក្សាគ្នា បានយឺតយ៉ាវរួចទៅហើយ ភាគច្រើនចាប់ផ្តើម នៅក្នុងខែមេសា នៅពេលដែលសហរដ្ឋអាមេរិកប្រកាសថា ខ្លួននឹងដកកងកម្លាំងរបស់ខ្លួនឲ្យអស់ នៅត្រឹមថ្ងៃទី១១ ខែកញ្ញា៕
ប្រែសម្រួល៖ប៉ាង កុង

To Top