ព័ត៌មានជាតិ

អូស្ដ្រាលី ផ្ដល់ជំនួយ២លានដុល្លារ ដល់កម្ពុជា សម្រាប់រៀបចំ បណ្តាញអគ្គិសនី

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្តល់ជំនួយ២លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ ខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិនិ យោគពីឯកជន ក្នុងវិស័យថាមពល កកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អូស្រ្តាលីមាន សេចក្តីរីករាយ ក្នុងការប្រកាសអំពីគំនិត ផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឲ្យភូមិនានា ក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនី ប្រើប្រាស់ ។

ស្ថានទូត បញ្ជាក់ថា «ក្នុងភាពជាដៃគូជាមួយ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពូជា និងអាជ្ញាធរអគ្គិសនីកម្ពុជា អូស្រ្តាលី កំពុងផ្តល់ជំនួយ រហូតដល់ ២លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីជំរុញឲ្យមានការ វិនិយោគពីឯកជន ក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី» ។

ក្នុងពិធីចុះហត្ថលេខា លើឯកសារគម្រោងនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា «ការផ្តល់ថាមពលអគ្គិសនី ដែលអាចទុកចិត្តបាន និងមានតំលៃសមរម្យ ដល់ប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា គឺជាអទិភាពសំរាប់ ក្រសួងរ៉ែ និងថាមពល។ ដូច្នេះ វាទាមទារការយកចិត្តទុកដាក់ ពិសេសពីរដ្ឋាភិបាលកម្ពុជា ដើម្បីភ្ជាប់គម្លាត និងស្វែងរកមធ្យោបាយច្នៃប្រឌិត ដើម្បីពន្លឿន ការទទួលបានអគ្គិសនី ប្រើប្រាស់ នៅតំបន់ដែលមិនទាន់មានអគ្គិសនី» ។

លោក ក៏បានកោតសរសើរ ចំពោះការគាំទ្រ របស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់តំបន់ទាំងនេះ ជាមួយនឹង ថាមពលកកើតឡើងវិញ ចេញពីបណ្តាញអគ្គិសនីខ្នាតតូច ក្រៅបណ្តាញបញ្ជូនមេ ៕

To Top