ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរង នៃគណៈអភិបាល ក្រុមតំណាង របស់អតីតគណបក្ស សង្រ្គោះជាតិ បានអះអាងថា លុយជាង៧០ម៉ឺនដុល្លារ របស់មូលនិធិទូរទស្សន៍ ព្រះអាទិត្យ ដែលមានការអះអាងថា បាត់មិនដឹងទៅណានោះ គឺមិនជាប់ពាក់ព័ន្ធ ជាមួយលោក ឬលោក ប៉ុល ហំម និងលោកម៉ៅ មុនីវណ្ណទេ ។
លោក មុត ចន្ថា តាមរយៈលិខិតចំហរមួយច្បាប់ កាលពីថ្ងៃ៩ មិថុនា បានស្នើលោកអ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងលោក ម៉ៅ មុនីវណ្ណចេញមុខមកបញ្ជាក់ ជាសាធារណៈជុំវិញបាត់លុយ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដើម្បីបញ្ជាក់ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព ។ លោក មុត ចន្ថា ក៏ថ្លែងទៀតថា លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សនយោបាយថ្មី គឺ«គណបក្សកំណែទម្រង់កម្ពុជា» និងលោក ប៉ុល ហំម បានប្រកាស នឹងទៅចូលរួមដឹកនាំ គណបក្សនេះដែរ ដូច្នេះតើ«ថវិកាទ្រទ្រងគណបក្សថ្មីនេះ» មិនមែនជាចំណែកណាមួយបានមកពីមូលនិធិទូរទស្សន៍ព្រះអាទិត្យ? ។
តបចំពោះសំដីលោក មុត ចន្ថា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ មិថុនា ថា លោកមុត ចន្ថា និយាយអ្វីគឺជាសិទ្ធិ របស់គាត់ទេ ។
ប៉ុន្តែលោកថា “ថវិកាទាំងនៅក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិកា របស់បក្សអត់មានអ្វីពាក់ព័ន្ធ ជាមួយតួនាទីរបស់ខ្ញុំ ឬឯកឧត្តម ប៉ុល ហំម ឬក៏ឯកឧត្តម មុនីវណ្ណ ដោយសារកាល ដែលគណបក្សរំលាយ រហូតមកដល់ពេលនេះ មិនមានការផ្ទេរសិទ្ធិ ផ្ទេរតំណែងណាមួយ ទៅឲ្យអ្នកណាម្នាក់ទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ” ។
លោកថា គ្មានអ្នកណាម្នាក់ មានសិទ្ធិ ទៅដកថវិកាមូលនិធិទូរទស្សន៍ ព្រះអាទិត្យទេដោយសារ ពុំបានផ្ទេរសិទ្ធិ ។
លោកបន្តទៀតថា “ចំណែកតួនាទី របស់ខ្ញុំវិញ ខ្ញុំជាអភិបាលរង ក្រុមសភារបស់គណបក្ស សង្រ្គោះជាតិ ដូច្នេះតួនាទីរបស់ខ្ញុំគ្រាន់តែពិនិត្យលើផ្លូវច្បាប់ ពិនិត្យមើលច្បាប់អនុម័ត ដោយសភាប៉ុណ្ណោះ” ។
លោក អ៊ូ ច័ន្ទរ័ត្នឲ្យដឹងទៀតថា គួរតែលោកមុត ចន្ថាផ្ទាល់ទេបានដឹងច្បាស់ជាងគេ ព្រោះលោកនៅជិតលោកកឹម សុខាច្រើនជាងគេ ។
សម្រាប់ថវិកាជាង៧០ម៉ឺនដុល្លារនេះ ដោយមិនអាចបង្កើតជាទូរទស្សន៍ លោក អ៊ូ ច័ន្ទរ័ត្នថា គួរតែធ្វើឲ្យមានតម្លាភាព តាមរយៈការយកមកជួយកុមារកំព្រា ឬមន្ទីរពេទ្យគន្ធាបុប្ផាព្រោះធ្វើបែបនេះទើបបានឆ្លុះបញ្ចាំង ពីភាពស្អាតស្អំរបស់អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ។
សូមបញ្ជាក់ថា ក្នុងលិខិតចំហរផ្ញើទៅលោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងលោក ម៉ៅ មុនីវណ្ណកាលពីថ្ងៃ៩ មិថុនា មានខ្លឹមសារថា ដើម្បីបញ្ជាក់ ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព លោកមុត ចន្ថាបានស្នើលោកទាំង៣ គួរតែចេញមុខមកបញ្ជាក់ ជាសាធារណៈ បើពុំសោតទេ អាចនឹងបង្កើត ឲ្យមានមន្ទិលយ៉ាងខ្លាំង ចំពោះលោកទាំង៣ ៕