ព័ត៌មានជាតិ

កម្ពុជា ធ្វើជំរឿនសត្វត្មាត ឆ្នាំ២០២១ នៅទីតាំង៤កន្លែង ក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ កម្ពុជាបានធ្វើជំរឿនសត្វត្មាត ប្រចាំឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនៅលើទីតាំង ចំនួន៤កន្លែង ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ,មណ្ឌលគិរី ,ស្ទឹងត្រែង និងរតនគិរី ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់ក្នុងដែនជម្រកសត្វ ព្រៃឆែប បានថ្លែងថា ជំរឿនសត្វត្មាតនៅកម្ពុជា ធ្វើឡើងដោយការប្រមូល ទិន្ន័ន័យពី៤ទីតាំងផ្សេងគ្នា នៅក្នុងភូមិភាគឦសាន ហើយត្រូវបានអនុវត្ត​ និងចូលរួមដោយក្រុមការងារ សត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជី វិតសត្វស្លាបអន្តរជាតិ អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ និងអង្គការសមាគម អភិរក្សសត្វព្រៃ នៅក្នុងខេត្តព្រះវិហារខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

លោកថា លទ្ធផលបឋម នៃការធ្វើជំរឿនសត្វត្មាត នៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយ នាថ្ងៃទី៩ មិថុនា បានបូកសរុបក្រោយបញ្ចប់ នាល្ងាចថ្ងៃដដែល។ កត់សម្គាល់ថា នៅអាហារដ្ឋានត្មាត ក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ ក្បាល រួមមាន ៖ ត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ ក្បាល និងត្មាតត្មាតត្នោតចំនួន១៩ ក្បាល។

លោកបន្ដថា សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជា រួមមាន ត្មាតផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះមានវត្តមាន នៅភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេសកម្ពុជា។ ក្រសួងបរិស្ថានបានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ ដងក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បានអំពាវនាវពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។

សូមរំលឹកថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតក ធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូលជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរស ម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

To Top