ព័ត៌មានជាតិ

សៀវភៅកម្រងទិន្នន័យ ឈ្មោះរាជធានី-ខេត្ត ជាឯកសារដ៏មានសារសំខាន់ សម្រាប់មន្ដ្រីរាជការ អ្នកវិនិយោគ និងសិស្សនិស្សិត ឈ្វេងយល់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ របស់កម្ពុជា ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងជាឯកសារដ៏មានសារសំខាន់ សម្រាប់មន្ដ្រីរាជការ អ្នកវិនិយោគិន សិស្ស-និស្សិត និងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅសិក្សាឈ្វេងយល់។

យោងតាមខ្លឹមសារ សៀវភៅកម្រងទិន្នន័យឈ្មោះរាជធានី-ខេត្ត មាន៣០៤ទំព័រ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយ នាពេលថ្មីៗនេះថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានកំណត់ និងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាខេត្ត និងក្រុង ដោយខេត្តចែកជាស្រុក ,ស្រុកចែកជាឃុំ ,ក្រុងចែកជាខណ្ឌ និងខណ្ឌចែកជាសង្កាត់។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីរៀបចំឡើងវិញនូវរដ្ឋបាលដែនដីមានគោលដៅរៀបចំ នូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឱ្យបានជាក់ លាក់រវាង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ជនបទ ដែលបានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ។

ក្រសួង បន្ដថា សៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ត្រូវបាន រៀបចំ និងចងក្រងដោយអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដោយផ្អែកលើមូលដ្ឋានឯកសារគតិយុត្ត ពាក់ព័ន្ធទៅនឹងការបង្កើត ការបំបែក ការលុបចោល និងការកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន។

ក្រសួង បន្ថែមថា ទន្ទឹមនេះ ការគ្រប់គ្រងរដ្ឋបាលដែនដី តែងតែមានការប្រែប្រួលជាប្រចាំ ស្របទៅតាមស្ថានភាព ជាក់ស្ដែង នៃការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ខាងលើនេះ អាចស្វែងរកព័ត៌មានបន្ថែមទៀត តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ https://www.irterior.gov.kh/ និងរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ https://gda.interior.gov.kh/។

ក្រសួងមហាផ្ទៃ បញ្ជាក់យ៉ាងដូច្នេះថា «សៀវភៅនេះ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងជាឯកសារផ្លូវការ ដ៏មាន សារៈសំខាន់សម្រាប់មន្ត្រីរាជការ វិនិយោគិន សិស្ស និស្សិត ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅ ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សាឈ្វេងយល់ ស្រាវជ្រាវ និងវិភាគផ្នែកសេដ្ឋកិច្ចសង្គម ជាពិសេសរួមចំណែក លើកកម្ពស់ចំណេះដឹងដល់សាធារណជន និងសម្រាប់មនុស្សជំនាន់ក្រោយ»។

សូមរំលឹកថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា មានរាជធានី ចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន២៧ ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន១.៤០៥ សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤.៤០៥៕

To Top