នយោបាយ

គបម យល់ឃើញថា ដល់ពេលធ្វើកំណែទម្រង់ គ.ជ.ប ដើម្បីឲ្យការបោះឆ្នោត ត្រឹមត្រូវ និងយុត្តិធម៌

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានយល់ឃើញថា ដល់ពេលធ្វើកំណែទម្រង់ស្ថាប័ន គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានានូវភាពឯករាជ្យ អព្យាក្រឹត្យ និងធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

តាមសេចក្ដីថ្លែងការណ៍របស់ គបម នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា «យល់ឃើញថា ដល់ពេល ដែលត្រូវធ្វើកំណែទម្រង់ ស្ថាប័ន គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានាបាននូវភាពឯករាជ្យ អព្យាក្រឹត្យ ដើម្បីធានាឱ្យ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស ទទួលបានការទុកចិត្ត ពីសំណាក់គណបក្ស នយោបាយ និងអ្នកបោះឆ្នោត និងបញ្ចៀស ការជាប់គាំងនយោបាយ» ។

គបម ក៏បានស្នើសុំ រដ្ឋសភា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពី សហសភាពស្ថាប័នជាតិរៀបចំការបោះឆ្នោត ត្រង់មាត្រា១៥១-ថ្មី (ពីរ) គ.ជ.ប មានសមាសភាព ប្រាំបួនរូប ដែលទទួល អាណត្តិ៥ឆ្នាំ។ សមាសភាព៤រូប ត្រូវជ្រើសរើសដោយគណបក្ស ដឹកនាំរាជរដ្ឋាភិបាល ៤រូប ត្រូវជ្រើសរើស ដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូប ត្រូវជ្រើសរើសដោយ មានការព្រមព្រៀងគ្នា រវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ។

គបម បន្ដថា ក្នុងករណីដែលមានគណបក្ស នយោបាយ តែ១មានអាសនៈក្នុងរដ្ឋសភា សមាសភាព គ.ជ.ប ៤រូប ត្រូវជ្រើសរើសដោយគណបក្ស ដឹកនាំរាជរដ្ឋាភិបាល និង៥រូប ត្រូវជ្រើសរើសដោយបើកចំហ និងតម្លាភាព។

ជាងនេះទៅទៀត គបម ក៏បានសង្ឃឹមថា រដ្ឋសភានឹងពិចារណាលើសំណើនេះ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើស្ថាប័ន គ.ជ.ប ប្រកបដោយតម្លាភាព និងភាពអាចជឿទុកចិត្តបាន។

គណបក្សបជាធិបតេយ្យមូលដ្ឋាន (គបម) បានយល់ឃើញបែបនេះ ស្របពេល គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាកម្ពុជា ប្រកាសជ្រើសរើសបេក្ខជន ឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាឈប់ ពីប្រធានដោយសារមានជំងឺ ៕

To Top