ភ្នំពេញ៖ ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈឧបករណ៍ដ៏មុតស្រួចរបស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នៅថ្ងៃទី១១ មិថុនានេះ បានឲ្យដឹងថា លោក ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួម ពីស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី២ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នំា២០២១ និងបានអញ្ជើញបើកដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសខ្មែរ ។ កិច្ចប្រជុំមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» (Economic Diplomacy Strategy 2021-2023) ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ សំដៅរួមចំណែកឲ្យសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។
ថ្លែងក្នុងពិធីបើកលោករដ្ឋលេខាធិការ ញឹម ខេមរា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលមិនអាចកាត់ផ្តាច់បាន នៅក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់អំពី តួនាទីរបស់ក្រសួងការបរទេស ក្នុងការសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ជាមួយក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ក្នុងន័យធ្វើឲ្យគ្រប់តួអង្គកាន់តែយល់ពីគ្នា និងសហការគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។
បន្ថែមលើនេះ ក្នុងបទបង្ហាញពីការងារការទូតសេដ្ឋកិច្ច លោកអនុរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងទេសចរណ៍អន្តរជាតិ ដែលបណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០។
លោកមានប្រសាសន៍ថា «ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្តធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈឧបករណ៍ដ៏មុតស្រួច របស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច» ។
គួរកត់សម្គាល់ថា ការងារការទូតសេដ្ឋកិច្ច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃបន្ទាត់នយោបាយការបរទេសកម្ពុជា ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ១) ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មុតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម ២) បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ ៣) ការងារការទូតសេដ្ឋកិច្ច ៤) បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម និង ៥) លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូតកម្ពុជា ៕