ដើម្បីឆ្លើយតបទៅនឹងកង្វៈខាត សេវាកម្មជូនជនមានពិការភាព អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ ហៅកាត់ថា DDSP ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០០៣ មានទីតំាងនៅខេត្តពោធិ៍សាត់ ដែលសកម្មភាពរបស់អង្គការ ជួយដល់កុមារមានពិការភាព ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។
អង្គការមានទស្សនៈវិស័យចង់ឃើញ ជនមានពិការភាពរស់នៅ ដោយមានសេរីភាព វិបុលសុខ និងសេចក្តីថ្លៃថ្នូរ។ DDSP មានឆន្ទៈធ្វើការ ដើម្បីបង្កើនគុណភាពជីវិត ដល់ជនមានពិការភាព គ្រប់ប្រភេទ តាមរយៈការផ្តល់សេវា ប្រកបដោយបរិយាបន្ន។
រយៈពេលកន្លងមកថ្មីៗនេះ ដោយមានគាំទ្រពីកម្មវិធី the Global VOICE/OXFAM នៃប្រទេសហូឡង់ អង្គការ DDSP បានទទួលអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា៖ “Empowering the Cambodian and Vietnamese Deaf to fight against Stigmatization” ។ គម្រោងនេះគាំទ្រ ជាពិសេសដល់មនុស្សថ្លង់ ក្នុងគោលបំណងផ្តល់សិទ្ឋិអំណាច និងលើកកម្ពស់ការចូលរួម របស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍ ដោយសារពួកគាត់ជួបប្រទះ បញ្ហាជាច្រើនដូចជា ពិបាកក្នុងការទំនាក់ទំនង ភាគច្រើនមិនបានចូលរៀន មិនមានឳកាសទទួលបានការងារ ធ្វើសមរម្យដោយសារចំណេះដឹងតិចតួច និងមិនបានចូលរួមក្នុងសកម្មភាព សង្គមពេញលេញឡើយ ជាហេតុធ្វើអោយពួកគាត់រស់នៅ ក្នុងភាពឯកោដាច់ដោយឡែក ពីមនុស្សទូទៅ។ ហេតុនេះទើបគម្រោងមួយនេះ ត្រូវបានបង្កើតឡើង។
ក្នុងឳកាសដ៏មានតម្លៃនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជន នៃប្រទេសហូឡង់តាមរយៈកម្មវិធី VOICE ដែលបានគាំទ្រកម្មវិធី ដ៏មានសារៈសំខាន់នេះ និងសូមអរគុណដល់អង្គការម្ចាស់ជំនួយ និងអង្គការដៃគូ មានដូចជា៖ Aide Et Action, Goutte d’eau/ a child support network, Heifer International, Light For The World, Lilian Foundation, MSAVLC, REECH Cambodia, The Sir Bobby Charlton Foundation, The Thuli Association និងអង្គការដៃគូផ្សេងៗ ដែលមានគាំទ្រអង្គការយើងខ្ញុំនាពេលកន្លងមក។
DDSP ពិតជាត្រូវការគាំទ្របន្តរបស់លោក លោកស្រដែលជាម្ចាស់ជំនួយ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាការលើកទឹកចិត្ត សម្ភារៈ និងថវិកាដើម្បីអោយជនមានពិការភាពទាំងអស់ ចូលរួមពេញលេញក្នុងសង្គមមួយ ប្រកបដោយបរិយាបន្ន។
សូមទស្សនាវីដេអូខ្លី ស្តីពីភាពភាពជោគជ័យរបស់សកម្មភាពគម្រោង និងមនុស្សថ្លង់! សូមអរគុណ!