ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា ការស្នើររបស់អនុព័ន្ធយោធាអាមេរិក ក្នុងការដើរមើលមូលដ្ឋាន កងទ័ពជើងទឹករាមឡើងវិញ គ្រាន់តែជាលេសបង្កហេតុ របស់អាមេរិក មកលើខ្មែរ ទោះចូល ទៅមើលកំពង់ផែរាម ប៉ុន្មានដងទៀត គឺនៅដដែល ដែលនេះសបង្ហាញឲ្យឃើញ ពីចំណុចចាប់ផ្តើមវាយប្រហារកម្ពុជា ខណៈកម្ពុជានឹងក្លាយ ជាប្រធានប្តូរវេន អាស៊ាននៅឆ្នាំ២០២២។
លោកបានអះអាងថា ដំណើរទស្សនកិច្ចរបស់ លោកស្រី វិនឌី សឺម៊ែន អនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក កាលពីដើមខែមិថុនា គឺជាចំណុចចាប់ផ្ដើម នៃការវាយប្រហារ មកលើកម្ពុជា ផងដែរ ខណៈកម្ពុជានឹងក្លាយ ជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ខាងមុខ ។
នៅលើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជាលេស បង្កហេតុ របស់អាមេរិក រករឿងខ្មែរមិនចេះចប់ ។ ទោះចូលទៅមើលកំពង់ផែរាម ទៅប៉ុន្មានដងទៀត គឺនៅដដែល។ នេះក៏ជាចំណុច ចាប់ផ្តើម វាយប្រហារកម្ពុជា ខណៈកម្ពុជានឹងក្លាយ ជាប្រធានប្តូរវេនអាស៊ាន»។
លោកបន្តថា «អាមេរិកឱ្យក្រុមសង្គម ស៊ីវិលដែលស៊ីប្រាក់ខែអាមេរិក ទាំងជនបរទេស និងខ្មែរវាយប្រហាររដ្ឋាភិបាល ថាមិនប្រកាន់ជំហរអព្យាក្រិត្យ ឱ្យចិនកសាងមូលដ្ឋានយោធា នៅកំពង់ផែរាមជាដើម…»។
លោក សយ សុភាពសង្កត់ធ្ងន់ថា «អាចនិយាយថាទស្សនៈកិច្ច របស់លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ជាចំនុចចាប់ផ្តើមផ្ទុះទំនាស់បង្ករឿង ដូចទៅនឹងអ្វីដែលអាមេរិក ធ្លាប់ធ្វើកាលពីចុងទស្សវត្តទី៥០ មកលើ សម្តេចព្រះបិតាជាតិ នរោម សីហនុ ដោយរដ្ឋមន្ត្រីការបរទេស លោក ចន ហ្វស្ទើឌូល»។
សូមបញ្ជាក់ថា បើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ស្នើមន្ដ្រីយោ ធាកម្ពុជា អនុញ្ញាតឲ្យលោក ដើរមើលមូលដ្ឋានកងទ័ពជើងទឹករាម គ្រប់ទីកន្លែងឡើងវិញ ក្រោយពីលោក មិនត្រូវបាន អនុញ្ញាតឲ្យមើលកងទ័ពជើងទឹករាម គ្រប់ទីកន្លែង។
នាពេលថ្មីៗនេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបានយល់ព្រមឲ្យ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ធ្វើការចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។
សម្ដេចតេជោក៏បានធ្វើការសម្រេចចិត្ត ដូច្នេះជាការឆ្លើយតបទៅនឹងកង្វល់ យ៉ាងជ្រាលជ្រៅ របស់លោកស្រី អនុរដ្ឋមន្រ្តីការបរទេស Sherman ដែលលោកស្រីបានលើកឡើងស្តីពី វត្តមានយោធា និងការសាងសង់ នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា «ដូច្នេះ អនុព័ន្ធយោធា របស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លង តាមការសម្របសម្រួល ជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ។ នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជា មិនបានអនុញ្ញាតឲ្យ លោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋាន កងទ័ពជើងទឹកនោះទេ»។
ជុំវិញករណីនេះ ប្រមុខការពារជាតិកម្ពុជា កាលពីថ្ងៃទី៩ មិថុនា ក៏បានបញ្ជាក់ថា ការចោទប្រកាន់មូលដ្ឋានទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជា ឆ្លើយតបយ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នា របស់អាមេរិក៕