ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បាននោះទេ ព្រោះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីជំងឺនេះ ។ នេះបើតាមការចេញផ្សាយរបស់ទូទរស្សន៍ជាតិ(ទទក)។
ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ទាំង៥ចំណុះឲ្យក្រសួងនៅថ្ងៃ១៤ មិថុនា លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “កម្ពុជាមិនអាចលាក់បាំង នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃ គូអភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណីអាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពី ការវិវឌ្ឍន៍និង ការឆ្លើយតប របស់កម្ពុជា ទៅនឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយ ទប់ស្កាត់តាមរយៈការដាក់ ចេញផែនការ សកម្មភាពនានា និង គោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លង រីករាលដាលនៃជំងឺកូវីដ ១៩” ។
លោករដ្ឋមន្រ្តី ក៏បានណែនាំប្រពន្ធ័ផ្សព្វផ្សាយ របស់ជាតិ ត្រូវផ្សាយរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័នមានសមត្ថកិច្ច ពិសេសពាក់ពន្ធ័រឿងជំងឺកូវីដ១៩ ត្រូវតែយកប្រភព និងព័ត៌មានច្បាស់លាស់ ដែលចេញដោយក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិត សម្រាប់ឲ្យប្រជាពលរដ្ឋ បានដឹងទាន់ពេលវេលា ៕