ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានបញ្ហា បណ្ដាញផ្ទះបណ្ដែតទឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថៃ មិនផ្តល់សញ្ជាតិ ឲ្យនិគមន៍ជនវៀតណាម និងចិននោះទេ ទោះបីជាពួកគេរស់នៅ រហូតដល់ជិតស្លាប់ ទៅវិញក៏ដោយ ។
តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក សយ សុភាពបានរៀបរាប់ថា សម័យកាលតស៊ូរំដោះជាតិ អាណានិគមន៍និយមបារាំង លោក ហូ ជីមិញ បានបង្កើតសមាគមវៀតណាម ជារូបភាព តែខ្លឹមសារ គឺបង្កើតចលនា (បក្សកុម្មុយនិស្តឥណ្ឌូចិន)។ លោក ហូ ជីមិញ ថែមទាំងធ្លាប់បានស្នាក់នៅ ទីនោះទៀតផង។
លោកបញ្ជាក់ថា “និគមន៍ជនវៀតណាម បានធ្វើសកម្មភាព និងផ្តល់មធ្យោបាយ ជួយសមាគមថែមទៀត រហូតចលនាវៀតមិញ ដេញបារាំងចេញពីស្រុក។ ថៃរហូតមកដល់ពេលនេះ មិនដែលបានទទួលស្គាល់ និគមន៍ជនវៀតណាមទាំងនោះ ឲ្យចូលសញ្ជាតិទេ ដោយត្រឹមតែឲ្យស្នាក់នៅ តែប៉ុណ្ណោះ។ ចំណែកនិគមន៍ជនចិន ក៏ដូច្នេះដែរ” ។
លោកបានលើឧទាហរណ៍ថា ករណីអតីតនាយករដ្ឋមន្ត្រីថៃ លោក បានហាន សិល្បៈអាចារ្យ ត្រូវបានទំលាក់ពីតំណែង នៅចុងឆ្នាំ១៩៩៥ ដោយចោទថា លោក បានហាន ជានិគមន៍ជនចិន រស់នៅខុសច្បាប់ ហើយបាតុកម្មទាមទារ ឲ្យលោកចុះពីតំណែង។
លោកថា តាមរយៈកិច្ចសំភាសន៍ របស់វិទ្យុអាស៊ីសេរី ទោះបីប្រធានសមាគមវៀតណាម បាននិយាយថា រស់នៅយូរឆ្នាំ ឬកើតនៅស្រុកខ្មែរក៏ដោយ សូមមើលករណីដូចគ្នា នៅថៃ ។ ពេលនេះប្រទេសខ្មែរ មានសន្តិភាព ១០០ភាគរយ ដែលខ្មែរមិនធ្លាប់មាន ក្រោយសម័យអាណាចក្រអង្គរដ៏រុងរឿង។ ខ្មែរត្រូវការរួបរួមជាតិ ពិតប្រាកដ កសាងប្រទេស ថែរក្សាអធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
លោកបន្ថែមថា កត្តាដែលខ្មែរក្លាយជា ម្ចាស់ប្រទេស ពិតប្រាកដគឺនយោបាយ ឈ្នះ ឈ្នះ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨ ៕