ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យង់ សាំងកុមារបានថ្លែងថា ចំពោះជនបរទេសដែលបានមករស់នៅកម្ពុជាដោយខុសច្បាប់ គឺត្រូវការអនុវត្តតាមច្បាប់ស្តីពីសញ្ជាតិ និងច្បាប់ស្តីពីអន្តោប្រវេសន៍។
លោកបានឲ្យដឹងទៀតថា ចំពោះការគ្រប់គ្រងទន្លេនិងបឹងធម្មជាតិខ្មែរជាសិទ្ធិអំណាច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការថ្លែងរបស់លោកនេះ ក្រោយម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពុងត្រូវបានរុះរើចេញជាបណ្តើរៗ ក្រោយរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យរុះរើ កាលពីថ្ងៃ២ មិថុនា ។
លោក យង់ សាំងកុមារបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ មិថុនា ថា ការអនុវត្តច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋដើម្បីគ្រប់គ្រងទន្លេ-បឹងធម្មជាតិខ្មែរគឺជាសិទ្ធិអំណាច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការអនុវត្តក៏ត្រូវធ្វើដោយស្មើភាពគ្នាដែរ។
លោកបន្តថា “ចំពោះអ្នកមករស់នៅស្រុកខ្មែរខុសច្បាស់គឺត្រូវការអនុវត្តច្បាប់ស្តីពីសញ្ជាតិ និងច្បាប់ស្តីពីអន្តោប្រវេសន៍” ។
ក្រោយអាជ្ញាធរចេញវិធានការរដ្ឋបាលដល់ពលរដ្ឋរស់នៅលើផ្ទៃទឹកដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រទេសវៀតណាមបានចេញប្រតិកម្មក៏ដូចជាមិនពេញចិត្ត តែករណីនេះ ត្រូវបាន លោក យង់សាំង កុមារ បានថ្លែងថា ជារឿងធម្មតាទេ នៅពេលមានការបណ្តេញហើយតែងតែមានប្រតិកម្មដោយសារតែការយកចិត្តទុកដាក់លើក្រុមពលរដ្ឋរបស់ពួកគេ។ លោកថា ដូចករណីខ្មែរដែរ បើគេបណ្តេញក៏ធ្វើឲ្យថ្នាក់ដឹកនាំមិនចិត្តដែរ គឺមិនខុសគ្នាឡើយ ។
សូមបញ្ជាក់ថា មូលហេតុនៃការឲ្យរុះរើផ្ទះបណ្តែតទឹក បែ និងសំណង់មិនរៀបរយជាដើមនេះ ដោយសារអាជ្ញាធរភ្នំពេញ មើលឃើញថា កន្លែងខ្លះ បានប្រែក្លាយជាកន្លែងរស់នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ៕