ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១ ដោយកិច្ចប្រជុំនេះ ប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា របៀបវារៈនៃកិច្ចប្រជុំគឺ

ទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកប្រមុខការពារជាតិកម្ពុជា នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តី ប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សម្រាប់អនាគតសន្តិភាព និងវិបុលភាពអាស៊ាន។

ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។ ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀបាញ់ នឹងផ្លាស់ប្តូរទស្សនៈស្តីពី សភាពការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ ខណៈសភាពការណ៍ទាំងនោះ បានកំពុងធ្វើឲ្យប្រទេសក្នុងតំបន់ក៏ ដូចជាពិភព លោកបានកំពុងព្រួយបារម្ភយ៉ាងខ្លាំងនោះ ៕

To Top