ភ្នំពេញ ៖ លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តបន្តជួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណើការរៀបចំសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
ក្រោយបញ្ចប់ជំនួបពិភាក្សារវាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Luke Arnold នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា «លោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជា ជាពិសេសដំណើការនៃ ការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ»។
លោក ជិន ម៉ាលីន បន្ដថា វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នាពេលកន្លងមក ឲ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាអ្នករៀបចំ ហើយខាងអូស្រ្តាលីក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូលតាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។
លោកបន្ថែមថា រហូតសល់ពេលនេះ ក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំកិច្ចពិគ្រោះយោបល់ ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលីបានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេស ក្នុងការឆ្លើយតបនឹងការឆ្លងរាលដាល កូវីដ១៩ តាមរយៈការដាក់ចេញជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមក ជាដើម៕