ព័ត៌មានជាតិ

លោក វន់ ពៅ ៖ ចំណាត់ការរបស់លោក ឃួង ស្រេង ឲ្យបើកផ្សាររដ្ឋឡើងវិញជួយសង្រ្គោះអាជីវករទាន់ពេល (Video)

ភ្នំពេញ ៖ ក្រោយផ្អាកដំណើរការជាបណ្តោះអាសន្នអស់រយៈពេលជិត២ខែមក ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបានប្រកាសបើកដំណើរការវិញ ចាប់ពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ។ ចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឲ្យបើកផ្សាររដ្ឋឡើងវិញគឺបានជួយសង្រ្គោះអាជីវករទាន់ពេលវេលានៃការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ។ នេះការថ្លែងរបស់លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ (IDEA) ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ មិថុនា លោក វន់ ពៅ បានអបអរសាទរចំពោះការអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅភ្នំពេញ ។

លោកបន្តថា “ចំណាត់ការរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញជួយសង្រ្គោះឲ្យទាន់ពេលវេលានៃការបាត់ប្រាក់ចំណូលអាជីវករនៅផ្សាររដ្ឋទាំងអស់ ដោយអាចឲ្យពួកគាត់បើកលក់ដូរទំនិញឡើងវិញដើម្បីធានានូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាមានលទ្ធភាពនៃការសង់បំណុលធនាគារនិងបង់ថ្លៃតូបជាដើម”។

ប្រធានសមាគម IDEA ឲ្យដឹងទៀតថា ម្យ៉ាងការបើកផ្សារឡើងវិញនេះ ក៏ជាយន្តការមួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាអាចដំណើរឡើងវិញដែរ ។

លោក វន់ ពៅក៏បានរៀបរាប់ពីទុក្ខលំបាករបស់ក្រុមអាជីវករក្នុងពេលបិទផ្សារ។ លោកថា ពួកគាត់ត្រូវប្រឈមស្ថានភាពការបាត់បង់ចំណូល និងខូចខាតសំភារៈក្នុងផ្សារស្ទើតែទាំងស្រុង ពិសេសអាជីវករមួយចំនួនធំអត់មានប្រាក់បង់ធនាគារដែរ ។

សូមបញ្ជាក់ថា ក្រោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅមិនថមថយ ជាពិសេសក្រោយសង្កេតឃើញអាជីវករតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញមានការឆ្លងជាបន្តបន្ទាប់ ក្នុងអាត្រាប្រឈមខ្ពស់នោះ និងជាវិធានការចាំបាច់ លោក ឃួង ស្រេង បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ កាលពីថ្ងៃទីទី២៣ ខែមេសា ឆ្នាំ២០២១ ៕

To Top