ព័ត៌មានជាតិ

កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ប្រមាណ ២-៣ពាន់ក្បាល

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សត្វក្ងោកបៃតង ជាប្រភេទសត្វកម្រនៅលើពិភពលោក។ បច្ចុប្បន្ន ពិភពលោកមានសត្វក្ងោកចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាលប៉ុណ្ណោះ។

ក្រសួងបញ្ជាក់ថា «កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើនជាងគេ ដែលមានប្រមាណចន្លោះពី ២០០០ ទៅ ៣០០០ ក្បាល ហើយដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីគឺជាទីតាំងមួយដែលមានចំនួនសត្វក្ងោកច្រើនជាងគេ នៅលើពិភពលោកមានប្រមាណ ៩៦៦ ក្បាល ហើយនៅតាមតំបន់ការពារធម្មជាតិផ្សេងទៀតមានចន្លោះពី៥០ ទៅ១០០ក្បាល»។

ក្រសួងបន្ដថា តាមការស្រាវជ្រាវ សត្វក្ងោកក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចំនួនកើនឡើង។ ប្រទេសដែលនៅមានវត្តមានសត្វក្ងោកច្រើន ដូចជា ចិន ថៃ ឡាវ វៀតណាម និងឥណ្ឌូនេស៊ី មានប្រមាណជិត ១០០០ ក្បាលក្នុងប្រទេសនីមួយៗ ៕

To Top