រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលថ្មី បញ្ឈប់ការកាន់កាប់ និងការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅឯកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្រ្តីប៉ាឡេស្ទីន ដែលធ្វើឡើងនៅភាគខាងលិចទីក្រុងរ៉ាម៉ាឡា បានឲ្យដឹងថា “អ្វីដែលចាំបាច់ពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មី គឺចាប់ផ្តើមធ្វើសកម្មភាពដើម្បីបញ្ចប់ការកាន់កាប់ និងការតាំងទីលំនៅ នៅប៉ាឡេស្ទីន” ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការលោក Ishtaye បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មីត្រូវតែទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដោយបន្ថែមថា រដ្ឋាភិបាលនេះនឹងគ្មានអនាគតនោះទេ ប្រសិនបើខ្លួនមិនទទួលស្គាល់អនាគតរបស់ប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះដែរលោក Ishtaye បានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ ដែលនឹងបណ្តាលមកពីអាជ្ញាធរកាន់កាប់របស់អ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យក្រុមជ្រុលនិយមស្តាំនិយមចូលរួមក្នុងការហែក្បួនទង់ជាតិនៅក្រុងយេរូសាឡឹម នៅថ្ងៃអង្គារនេះ” ។
លោកបានលើកឡើងថា“ ការរៀបចំការដង្ហែទង់នៅក្រុងយេរ៉ូសាឡឹមខាងកើត គឺជាការបង្កហេតុដល់ប្រជាជនប៉ាឡេស្ទីន និងការឈ្លានពានលើទីក្រុង និងទីសក្ការៈរបស់យើង” ដោយបន្ថែមថា“ សហគមន៍អន្តរជាតិត្រូវតែធ្វើអន្តរាគមន៍បញ្ឈប់វា” ។
ជម្លោះរវាងអ៊ីស្រាអែល – ប៉ាឡេស្ទីន នៅទីក្រុងយេរ៉ូសាឡឹមខាងកើត បាននិងកំពុងកើនឡើងចាប់តាំងពីខែមេសា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងសងខាងនៅតំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប៕
ដោយ ឈូក បូរ៉ា