ព័ត៌មានជាតិ

ក្រសួងសាធារណការ បន្ដជួសជុលថែទាំផ្លូវជាតិ ដើម្បីសម្រួលការដឹកជញ្ជូន និងការធ្វើដំណើរ របស់ពលរដ្ឋ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដយកចិត្តទុកដាក់ ជួសជុលថែទាំកំណាត់ផ្លូវជាតិ ជាច្រើនខ្សែ នៅតាមបណ្តាខេត្ត ដើម្បីជួយសម្រួល ដល់ការដឹកជញ្ជូន និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា នាពេលថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ និងរតនគិរី បន្តខិតខំយកចិត្តទុកដាក់ ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងធ្វើការជួសជុលថែទាំ លើកំណាត់ផ្លូវជាតិ លេខ៥ លេខ៨ លេខ៣៣ លេខ៣៣A លេខ៥៦ លេខ៥៨ លេខ៦២ លេខ៧២ លេខ៧៣ លេខ៧៨ និងផ្លូវថ្នល់មួយចំនួន ផ្សេងទៀត ដែលរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុល ផងដែរ។

ក្រសួង បន្ដថា ប្រសិនបើប្រជាពលរដ្ឋជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ ត្រូវចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា អាចប្រើប្រាស់បានយូរអង្វែង។

ក្រសួង ក៏បានបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានឆាប់ធូរស្រាលពីកម្ពុជា ប្រជាពលរដ្ឋចូលរួមរក្សា អនាម័យឲ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា៕

To Top