ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានផ្តល់នូវ កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារ បង្ការការឆ្លងមេរោគ ជូនដល់ជនងាយរងគ្រោះ នៅកម្ពុជាដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក KOICA ប្រចាំកម្ពុជា ។
នាពេលថ្មីៗនេះ ការិយាល័យ KOICA ប្រចាំកម្ពុជា បានផ្តល់នូវកញ្ចប់ជំនួយសង្រ្គោះបន្ទាន់នេះ ដល់ស្ថាប័នដៃគូ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្តកូរ៉េ WFK ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ជីវភាពសិស្ស និស្សិត ជាស្បៀងអាហារ និងសម្ភារជួយពង្រឹង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាជនកម្ពុជា កំពុងជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ដែលបាត់បង់ការងារ និង ផ្អាកការសិក្សាជាដើម។ ក្នុងនោះ មានស្ថាប័ន ដែលស្ថិតនៅក្នុងរាជធានី និងខេត្ត ចំនួន៩ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពត តាកែវ និងព្រៃវែង សរុបប្រមាណជា ៦២៧គ្រួសារ (ប្រហែលជា ៣,៤០០នាក់) ។
ប្រភពដដែល បន្ដថា ថ្មីៗនេះ ប្រទេសកម្ពុជា មានការផ្ទុះឡើងវិញ នៃជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងកើនឡើង គួរឲ្យកត់សម្គាល់ បណ្តាលឲ្យមានការ ដាក់ចេញនូវបំរាមគោចរ បំរាមនៃការបិទខ្ទប់តំបន់នានា ប្រជាពលរដ្ឋ បាត់បង់ការងារ និងមានការបិទសាលាជាបណ្តោះអាសន្នជាដើម ដែលជាហេតុធ្វើឲ្យ គ្រួសារជាច្រើន ជួបប្រទះនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស និស្សិតផងដែរ។
ជំនួយឧបត្ថម្ភនេះ ផ្តោតជាពិសេស ដល់ស្ថាប័ន ដែលធ្លាប់មានអ្នកស្ម័គ្រចិត្ត ដោយជួយផ្តល់ការគាំទ្រ ជាក់ស្តែងចំពោះ សិស្ស-និសិ្សត ដែលគ្រួសារ ជួបការលំបាកខ្លាំង មានហានិភ័យ ក្នុងការបោះបង់ចោលការសិក្សា មិនតែប៉ុណ្ណោះ KOICA បានផ្តល់ជាសម្ភារៈ និងជួយពង្រឹងការយល់ដឹង ក្នុងការទប់ស្កាត់ នៃការឆ្លងជំងឺកូវីដ១៩នេះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី ១៤ មិថុនា KOICA បានរៀបចំកម្មវិធីចែកកញ្ចប់ជំនួយសង្រ្គោះបន្ទាន់ ដែលធ្វើឡើងតាម រយៈប្រព័ន្ធអនឡាញជាមួយ ស្ថាប័នដៃគូ ដែលធ្លាប់មានអ្នកស្ម័គ្រចិត្ត KOICA ៕