ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ ការផ្គត់ផ្គង់ត្រីនៅកម្ពុជា បន្ដជួបប្រទះបញ្ហាប្រឈមមិនទាន់អាចដោះស្រាយ(Vieos)

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជានៅតែបន្ដជួបប្រទះបញ្ហាប្រឈម មិនទាន់អាចដោះស្រាយបាននៅឡើយ។

ការជួបប្រទះនេះ ដោយមូលហេតុសំខាន់ៗ ដូចជា ៖ ការថមថយផលត្រីពីធម្មជាតិ ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,យន្ដការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញ ,វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន ។

ការលើកឡើងរបស់ ក្រសួងកសិកម្ម ក្រោយពីមានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

ក្រសួងក៏បានពន្យល់ពីបច្ចុប្បន្នប្រជាជនខ្មែរកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះប្រជាជនម្នាក់បរិភោគត្រីប្រមាណ ៥២,៤គីឡូក្រាម ក្នុង១ឆ្នាំ ប៉ុន្តែចំពោះប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅប្រមាណ ៧៥,៦គីឡូក្រាមក្នុង ១ឆ្នាំ។

ក្រសួងបន្ដថា ឆ្លើយតបទៅនឹងតម្រូវការនេះ ពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។

លើសពីនេះ ក្រសួងកសិកម្ម ក៏បានសហការយ៉ាងល្អប្រសើរជាមួយសមាគមវារីវប្បករនៅកម្ពុជាផងដែរដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផលជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ២០២០បានកើនឡើងជាង៣០% បើប្រៀបធៀបឆ្នាំ២០១៩៕

To Top