កំពង់ចាម៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យលោកអភិបាលស្រុក ទើបចូលកាន់តំណែង ខិតខំបន្ត រក្សាអោយបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលការណ៍គ្រឹះ ក្នុងការអភិវឌ្ឍ ។ នឹងត្រូវគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយ នូវសភាពការណ៍ ប្រសិនបើពិនិត្យឃើញមានសភាពការណ៍អ្វីកើតឡើងត្រូវដាក់ចេញជាវិធានការដោះស្រាយឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរស្រុកត្រូវខិតខំពន្យល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ មកលើអាជ្ញាធរ និងរដ្ឋាភិបាល ។ ត្រូវខិតខំដោះស្រាយនូវបញ្ហា រាល់ការតវ៉ានានាក្នុងមូលដ្ឋានដោយសន្តិវិធី បញ្ចៀសនូវអំពើហិង្សា ហើយធ្វើឲ្យមានការចោទប្រកាន់មកលើអាជ្ញាធរ និងសមត្ថកិច្ច ។
ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
សូមបញ្ជាក់ថា លោក សំ ពិសិដ្ឋ អតីត នាយករងរដ្ឋបាលខេត្តកំពង់ចាម ត្រូវបានប្រកាសតែងតាំង ជាអភិបាលនៃគណៈអភិបាលស្រុកចំការលើ ដោយអតីតអភិបាលស្រុកចំការលើ លោក ខ្លូត ចិន្តា ផ្លាស់ទៅកាន់តំណែងថ្មី ។