ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានចេញមុខជំនួសឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.បថា ការចាញ់ ឬឈ្នះការបោះឆ្នោត មិនមែនមកពីគ.ជ.បទេ ប៉ុន្តែមកពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញទេ ។
លោក សុខ ឥសាន បានថ្លែងតាមបណ្តាញប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៧ មិថុនា ថា “គ.ជ.ប ជាអង្គការរៀបចំការបោះឆ្នោត ហើយការចាញ់ឈ្នះមិនមែនមកពីគ.ជ.បទេ គឺមកពីសន្លឹកឆ្នោតរបស់ប្រជាជន” ។
ការថ្លែងរបស់លោក សុខ ឥសាន នេះ ក្រោយបណ្តាគណបក្សមួយចំនួនបានលើកឡើងថា ស្ថាប័ននេះលែងមានទុកចិត្តហើយក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសក្រោយពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ពីប្រធានគ.ជ.ប ហើយសមាសភាពថ្មីដែលចូលកាន់តំណែងនេះ មានប្រភពចេញមកពីគណបក្សប្រជាជនកម្ពុជា គឺលោក ប្រាជ្ញ ច័ន្ទ ដែលជាអតីតអភិបាលខេត្តបាត់ដំបង។គណបក្សផ្សេងទៀតក្រៅពីបក្សប្រជាជនអះអាងថា នឹងចូលរួមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានតម្លាភាពត្រឹមត្រូវឡើងវិញ ។ នេះបើតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានព្យាយាមទាក់ទងទៅលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បដើម្បីសុំការបំភ្លឺអំពីការចោទនេះ តែលោកមិនទទួលទូរស័ព្ទ ៕