ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុងបានសហការជាមួយស្នាក់ការសន្តិសុខចាំយាម កាលពីរសៀលថ្ងៃទី១៦ មិថុនា នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចែកចាយ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។

ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះ និងមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
ជនសង្ស័យទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ, ទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្ត ១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW-4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន១, ម្ជុល,សារ៉ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន៣គូ និងទឹកអាល់កុលចំនួន៣ដប។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ទាំងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ថ្មីនេះបានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើទារលុយពីពលរដ្ឋ ដើម្បីជាថ្នូរក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះការចាក់វ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍យកថវិកាឡើយ៕
