ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប កំណត់“តំបន់លឿង” នៅភូមិអន្លង់ពីរ ជាការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេច កំណត់ “តំបន់លឿង” នៅភូមិអន្លង់ពីរ(ខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចំនួន៨ករណី ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ ។

ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ(ទំនិញភាគច្រើនជាស៊ីម៉ង់)។ ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាក-ដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង០២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ តំបន់លឿង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចែងអំពីកាតព្វកិច្ច និងករណីលើកលែង ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលនឹងចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕

To Top