ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ ពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២១ ក្រសួងលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន៥,៧០០ផ្លាក ទទួលថវិកា ៤៦ពាន់លានរៀល ដាក់ចូលថវិកាជាតិផងដែរ។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ប្រជាពលរដ្ឋ អាចជ្រើសរើសផ្លាកលេខពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។

ក្នុងជំនួបសម្តែងការគួរសម ជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «បានដាក់ឲ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន ៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា ៤៦ពាន់លានរៀលចូលថវិកាជាតិ»។

សូមរំលឹកថា ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាច នឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ ៕
