ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ចំនួន៩ ០២៤ ០០០ ដូស ក្នុងនោះចំនួន ៨ ៧ ០០ ០០០ដូស គឺមកពីប្រទេសចិន។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា វ៉ាក់សាំងចិនស៊ីណូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញ របស់ភាគីកម្ពុជាពីភាគីចិន បានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញ ដោយមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញទទួល នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិរាជធានីភ្នំពេញ។
សូមរំលឹកថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មាន ៣៣,១១% ធៀបជាមួយចំនួន ប្រជាជនគោលដៅ ១០លាននាក់៕
