Covid-19

ផ្ទុះកូវីដនៅ កណ្ដាលក្រុងបានលុង រកឃើញអ្នកឆ្លង១០៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស លទ្ធផលរកឃើញ លើប្រជាពលរដ្ឋកណ្ដាលក្រុងបានលុង ខេត្តរតនគិរី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនដ៏ច្រើនលើសលុប ដែលខេត្តមួយនេះ មិនធ្លាប់មានកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានការតក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា នៅល្ងាចថ្ងៃទី-១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ស្រាវជ្រាវរកឃើញចំនួន១០៤នាក់ នាថ្ងៃទី១៨ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ជាករណីផ្ទុះក្នុងសហគមន៍ ទ្រង់ទ្រាយធំលើកដំបូងក្នុងខេត្តរតនគិរី ហើយករណីនេះ ជាករណីពាក់ព័ន្ធ នឹងព្រិត្តិការណ៍សហគមន៍ ២០កម្ភៈ។ តាមរយៈលទ្ធផលរកឃើញថ្មីៗនេះ បញ្ជាក់ឲ្យឃើញថា ជំងឺកូវី-១៩ បានកំពុងផ្ទុះរាលដាល ដល់សហគមន៍ ទ្រង់ទ្រាយធំ ក្នុងខេត្តរតនគិរី ហើយអាចបន្តឆ្លងរាលដាលជាបន្តបន្ទាប់ ដែលបង្កជាហានិភ័យ ដល់សុខភាពសាធារណៈ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។

រដ្ឋបាលខេត្តរតនគិរី ក៏បានសូមអំពាវនាវផងដែរ ដល់សាធារណជន ទាំងអស់ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលដែលមានឈ្មោះរាយនាមក្នុងបញ្ជី ដែលបានធ្វើតេស្តឃើញ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬនៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់សមត្ថកិច្ច និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៧៥៩៥៧៧៨៨ ,០៩២១២១៣៨៣ និងមួយខ្សែទទៀតលេច ០៩៧៧៧៥១២១២៕

To Top