ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រដ្ឋាភិបាលចិន ឯកភាពនឹងផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែងក្នុងខេត្តក្រចេះ ហើយកូរ៉េក៏ផ្ដល់ថវិកាឲ្យកម្ពុជាសាងសង់ស្ពាន ភ្នំពេញ-ស្វាយជ្រុំ ខណៈកូរ៉េ កំពុងសិក្សា ដើម្បីដាក់ដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រោយពីស្ពានទាំងពីរនេះសាងសង់រួច នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ជាពិសេសនោះជួយជំរុញផ្នែកសេដ្ឋកិច្ច ផងដែរ។
លោកបញ្ជាក់ថា «យើងខ្ញុំត្រៀមទទួលចម្លើយពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីត្រៀមចុះកិច្ចព្រមព្រៀងសាងសង់ ស្ពាននៅខេត្តក្រចេះរបស់យើងដែលមិត្តចិនរបស់យើង បានឯងភាពហើយ នឹងផ្ដល់ថវិកាកម្ចីមកសាងសង់ស្ពាន នៅក្រចេះ»។
លោកបន្ដថា បច្ចុប្បន្នផ្លូវពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ក្រសួងបាននិងកំពុងកែ និងលើកកម្ពស់គុណភាពផ្លូវបានចំនួន៩៣គីឡូម៉ែត្រហើយដែលជាជំនួយឥតសំណងរបស់មិត្តចិន។ លោកថា ឥឡូវនេះមិត្តចិនកំពុងពិចារណា ដើម្បីសាសសង់បន្ដទៀត រហូតដល់ព្រំដែន កម្ពុជា-ឡាវ។
នាឱកាសនោះ លោករដ្ឋមន្ដ្រីសាធារណការ លើកឡើងទៀតថា «ម្យ៉ាងទៀតស្ពាននៅស្វាយជ្រុំ ឆ្លងទន្លេមេង្គស្វាយជ្រុំ ក៏កំពុងតែសិក្សាដោយក្រុមហ៊ុនកូរ៉េ ដោយមានការឯកភាពពីមិត្តកូរ៉េ តាមការស្នើសុំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រធានាធិបតីកូរ៉េ ឲ្យផ្ដល់ថវិកាមកសាងសង់ស្ពាន នៅរាជធានីភ្នំពេញ និងស្វាយជ្រុំ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើកូរ៉េ ជួយសាងសង់ស្ពានឆ្លងទន្លេមួយខ្សែទៀត នៅត្រង់ចំណុចស្វាយជ្រុំ ទៅតំបន់អរិយ្យក្សត្រ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយតភ្ជាប់ ពីតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ។ បើតាមការសិក្សា ត្រូវចំណាយថវិកា ប្រមាណជាពី ៤០ ទៅ៥០លានដុល្លារ៕