ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ-អង់គ្លេស នឹងជួបប្រជុំពិភាក្សាគ្នាពីទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងជួបប្រជុំទ្វេភាគី ផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ មិថុនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនលោក ដូមីនិក រ៉ាអាប់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងប្រកាសបញ្ជាក់ថា «រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម»។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការ ពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន ៕

To Top