ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ «ការជំរុញកិច្ចសហប្រតិបត្តិការស្តីពី ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញប្រកបដោយនិរន្តរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ មិថុនា បានឲ្យដឹងថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសដៃគូនៃ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ សន្និសីទ នឹងពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព៕

To Top