ព័ត៌មានជាតិ

ចិន ប្រកាសគាំទ្រកម្ពុជាមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងអុតក្តាម ដោយខ្លួនឯង

ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្តាម ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។

យោងទៅលើភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅ រដ្ឋាភិបាលចិន តាមរយៈ លោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដើម្បីសុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា ជាការឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា ភាគីចិន បានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹក ចំនួន១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាម ចំនួន១០ម៉ឺនកម្រិត ជាលើកទី២។

លោក បញ្ជាក់ថា «សំខាន់ជាងនេះ ភាគីចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទៈចង់ផលិតវ៉ាក់សាំង ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះ ភាគីចិន នឹងចុះមកសិក្សាផ្ទាល់ក្រោយ ស្ថានភាពកូវីដ-១៩ បានល្អប្រសើរ»។

លោករដ្ឋមន្ដ្រី បន្ដថា ថ្នាំការពារ ដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យ គោ-ក្របី ជូនប្រជាកសិករ នៅតាមបណ្តាខេត្ត ដែលមានផ្ទុះជំងឺច្រើនជាងគេ ទាំង១២ខេត្ត រួមមាន ៖ ខេត្តព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។

សូមរំលឹកថា ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគឺជាភារកិច្ចរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ប៉ុន្តែដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេស ជាង៣លានក្បាល៕

To Top