ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សបេះដូងជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា សមាសភាពនៃគណបក្សថ្មីនេះ ត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស។
ប៉ុន្តែទោះបីជាមានប្រភពច្បាស់ការណ៍បញ្ជាក់ថា លោក ថាច់ សេដ្ឋា ជាអ្នកផ្តើមគំនិតក៏ដោយ ក៏លោកបានបដិសេធថា មិនបានដឹងរឿងបង្កើតបក្សថ្មីនេះទេ ។ លោកថា ខ្លួនក៏បានឃើញតែនៅតាមបណ្តាញសារព័ត៌មាននានាចុះផ្សាយដែរ តែលោកខ្លួនឯងផ្ទាល់មិនដឹងអ្វីសោះ។

To Top