ព័ត៌មានជាតិ

លោក សុខ ឥសាន៖ សម្តេចតេជោ មិនជួបរដ្ឋមន្រ្តីការបរទេសអង់គ្លេស គឺពាក់ព័ន្ធសុខភាព មិនមែនដូចអ្នកវិភាគលើកឡើងថា គេចវេះទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស របស់សម្តេចតជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាកិច្ចការពាក់ព័ន្ធនឹងសុខភាព ដែលសម្តេចត្រូវធ្វើចត្តាឡីស័ក មិនមែនដូចពាក្យរបស់ អ្នកវិភាគរត់ចោលស្រុកទេ” ។

លោក សុខ ឥសាន បានថ្លែងបន្តតាមបណ្តាញតេឡេក្រាម នាថ្ងៃយប់ថ្ងៃ២២ មិថុនាថា ទោះបីសម្តេចតេជោ មិនបានជួបផ្ទាល់ ក៏លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅតែមកបំពេញទស្សនកិច្ចនៅកម្ពុជាដដែល ហើយចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-អង់គ្លេស នៅតែរឹងមាំជាមួយគ្នាដដែល ។

ការថ្លែងរបស់លោក សុខ ឥសាន នេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន លើកឡើងដោយដាក់ការសង្ស័យថា មូលហេតុសម្តេចតេជោធ្វើចត្តាឡីស័ក ដើម្បីគេចវេះពីការជួប រដ្ឋមន្រ្តីការបរទេសអង់គ្លេសដែលមក ទស្សនកិច្ចនៅកម្ពុជានាថ្ងៃ២៣ មិថុនានេះ។ អ្នកវិភាគបន្តថា ជាពិសេសគេចពីការទាមទារ របស់សហគមន៍អន្តរជាតិដែលប្រកាន់ គោលការណ៍ប្រជាធិបតេយ្យ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីរក្សាអធិបតេយ្យភាពខ្លួនឯង ដូច្នេះទើបសម្តេចតេជោមិនហ៊ានប្រឈមនឹង ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសនោះទេ។ នេះជាការចេញផ្សាយរបស់សារព័ត៌មានខេមបូឌាដេលី (The Cambodia Daily) នាថ្ងៃ២២ មិថុនា។

សូមបញ្ជាក់ថា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជាហើយនាវេលាម៉ោង ៨យប់ ថ្ងៃ២២ មិថុនា ។ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសនឹង មានកិច្ចប្រជុំទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

លោក ដូមីនិក រ៉ាអាប់ ក៏នឹងមានជំនួបជាមួយលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅ ទស្សនាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ៕

To Top