ព័ត៌មានជាតិ

បារាំង ប្ដេជ្ញាបង្កើន ហិរញ្ញាប្បទាន ឲ្យបាន ០,៥៥% នៅឆ្នាំ២០២២ ដើម្បីអភិវឌ្ឍន៍ខឿន សេដ្ឋកិច្ច ប្រទេសអភិវឌ្ឍន៍ ពិសេស កម្ពុជា(Videos)

" "

ភ្នំពេញ ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្ដេជ្ញាបង្កើន ហិរញ្ញប្បទានសហប្រតិបត្តិការ ODB ឲ្យបាន ០,៥៥% នៃផសស នៅឆ្នាំ ២០២២ ខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿន សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសនោះ ប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ តាមប្រព័ន្ធវិដេអូ លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ចប់អាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា ជា ការពិត កម្ពុជា-បារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយ AFD ។

" "

លោកស្រី បានថ្លែងថា «កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើប្រតិបត្តិការ អភិវឌ្ឍន៍របស់ ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្ដេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិ បត្តិការ ODB ឲ្យបាន០,៥៥% នៃផសស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឃន៍ ខឿនសេដ្ឋកិច្ច របស់ប្រទេសកំពុង អភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ ទៅលើការបម្រែបម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥»។

" "

ឆ្លៀតឱកាសនោះ លោកស្រីទូត ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែល សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ លោកស្រី សម្តែងនូវមោទនភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្ត វិនិយោគគិនបរទេស ពិសេស មកពីប្រទេសបារាំងឲ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។

លោកស្រី ក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការ នានា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩ ។ ការដាក់ចេញនូវគោលការណ៍ ៣កុំ ៣ ការពារ , វិធានការបិទខ្ទប់ដោយគ្មានការបិទ ប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាដើម ។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះបារាំង ដែលបាននិងបន្តគាំទ្រទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក ក៏បានបន្ដថា កម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» សំដៅបង្កើតឲ្យបាននូវភាព ស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១ ។ ពោលគឺការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់ៗ គ្នានៅទូទាំងប្រទេស៕

To Top